បច្ចេកវិទ្យា

ការសិក្សាព្រមាន៖ ខ្សែកាបទង់ដែង របស់អង់គ្លេស មិនអាចផ្គត់ផ្គង់​ តម្រូវការអ៊ីនធើណេត លឿនជាងមុន នាពេលអនាគតទេ

អង់គ្លេស៖ ការសិក្សាថ្មីមួយបានព្រមានថា ខ្សែកាបទង់ដែងសម័យ Victorian របស់ចក្រភពអង់គ្លេស នឹងមិនអាចផ្គត់ផ្គង់តម្រូវការសម្រាប់ Broadband កាន់តែលឿន និងលឿននាពេលអនាគត បាននោះឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សម្រាប់ការពិសោធន៍ អ្នកស្រាវជ្រាវបានរកឃើញថា ខ្សែបណ្តាញទង់ដែងមានស្រាប់ របស់ចក្រភពអង់គ្លេស ដែលផ្អែកលើបច្ចេកវិទ្យា មានតាំងពីសម័យ Victorian អាចគាំទ្រល្បឿនអ៊ីនធើណេត បានលឿន ប៉ុន្តែមានកម្រិតកំណត់ប៉ុណ្ណោះ។ ពួកគេនិយាយថា ការវិនិយោគបន្ថែមត្រូវការជាបន្ទាន់ ប្រសិនបើរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឲ្យអ៊ីនធើណេតល្បឿនលឿន អាចប្រើបានសម្រាប់ទាំងអស់គ្នា។

ដើម្បីផ្តល់សេវាអ៊ីនធើណេត ល្បឿនលឿន ខ្សែស្ពាន់ ‘Twisted Pair’ ចាស់នឹងត្រូវជំនួសដោយខ្សែ Fiber Optic ទំនើបដែលប្រើពន្លឺភ្លើង ដើម្បីបញ្ជូនទិន្នន័យ ខណៈហេដ្ឋារចនាសម្ព័ន្ធទង់ដែង ដែលមានស្រាប់ អាចត្រូវបានកែលម្អ ដើម្បីគាំទ្រជាបណ្តោះអាសន្ន នូវអ៊ីនធើណេតល្បឿនលឿន ការផ្លាស់ប្តូរជាយថាហេតុ ទៅខ្សែកាបអុបទិកគឺជៀសមិនរួច។

ការសិក្សាថ្មីនេះត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge និង BT ហើយត្រូវបានចេញផ្សាយ នៅថ្ងៃនេះលើទស្សនាវដ្តី Nature Communications ។ អ្នកស្រាវជ្រាវដំបូង លោកវេជ្ជបណ្ឌិត Ergin Dinc ធ្វើការស្រាវជ្រាវ ខណៈមូលដ្ឋាននៅ Cambridge’s Cavendish Laboratory បាននិយាយថា ប្រព័ន្ធអ៊ីនធើណេតល្បឿនលឿន គឺជាតម្រូវការនៃជីវិតសតវត្សទី ២១។

អ្នកផ្តល់សេវាអ៊ីនធើណេត បាននឹងកំពុងប្តូរខ្សែស្ពាន់ ដែលមានស្រាប់ទៅជាខ្សែ Fiber-Optic ល្បឿនលឿន ប៉ុន្តែវានឹងចំណាយពេលចន្លោះពី ១៥ ទៅ ២០ ឆ្នាំ ដើម្បីឲ្យខ្សែទាំងនេះ ទៅដល់គ្រប់ផ្ទះទាំងអស់ ក្នុងចក្រភពអង់គ្លេស ហើយនឹងត្រូវចំណាយ អស់រាប់ពាន់លានផោន៕ ដោយ៖លី ភីលីព

Most Popular

To Top