បច្ចេកវិទ្យា

ក្រុមហ៊ុន Tesla ប្រកាសប្រមូល រថយន្តជាក្រុមទី២ នៅប្រទេសចិនវិញ ដោយបារម្ភពីសុវត្ថិភាព

ទីក្រុងប៉េកាំង ៖ និយតករទីផ្សាររបស់ប្រទេសនេះ បាននិយាយថា ក្រុមហ៊ុនផលិត រថយន្តយក្សអាមេរិក Tesla បានប្រមូលរថយន្តជាង ១៤,៦០០ គ្រឿងក្នុងប្រទេសចិនវិញ ដោយសារកំហុស ផ្នែកសូហ្វវ៉ែរ អាចនាំឲ្យមានហានិភ័យ សុវត្ថិភាពដែលជាការប្រមូល ត្រឡប់មកវិញ របស់ក្រុមហ៊ុន ជាលើកទី២ ក្នុងរយៈពេលមួយខែ ។

ម៉ាកយីហោអាមេរិក មានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងសេដ្ឋកិច្ចធំទី២ របស់ពិភពលោក ប៉ុន្តែបានប្រឈមមុខ នឹងការត្អូញត្អែរអំពីគុណភាព និងសេវាកម្ម ។ ថ្មីៗនេះវាត្រូវបានបញ្ឈប់ ការងារនៅ “Giga factory” នៅទីក្រុងសៀងហៃ មានតម្លៃរាប់ពាន់លានដុល្លារ អស់រយៈពេលជាង ២០ ថ្ងៃដោយសារតែការផ្ទុះឡើង នៃ Covid-19 ក្នុងទីក្រុង ។

និយតករបាននិយាយថា Tesla បានដាក់ផែនការប្រមូលមកវិញ សម្រាប់រថយន្ត Model 3 ចំនួន១៤,៦៨៤គ្រឿង ដែលភាគច្រើនផលិត ក្នុងប្រទេសចិន។ សេចក្តីប្រកាសបាននិយាយថា រថយន្តនេះត្រូវបានផលិតនៅចន្លោះខែមករា ឆ្នាំ ២០១៩ដល់ខែមីនាឆ្នាំនេះ ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារ បាននិយាយថា យានជំនិះ កំពុងត្រូវ បានប្រមូលមកវិញ បង្ហាញព័ត៌មានល្បឿន មិនពេញលេញស្ថិតក្នុងរបៀបតាមដាន ។ សេចក្តីជូនដំណឹង បានបន្ថែមថា កំហុសអាចប៉ះពាល់ដល់ ការយល់ដឹងត្រឹមត្រូវ របស់អ្នកបើកបរអំពីល្បឿន រថយន្ត ហើយក្នុងករណីធ្ងន់ធ្ងរ អាចបង្កើនហានិភ័យនៃគ្រោះថ្នាក់បុកគ្នា ។

នៅដើមខែនេះ Tesla ក៏បានប្រមូលរថយន្ត Model 3 ក្នុងស្រុក និង នាំចូលជិត ១២៨,000 គ្រឿងផងដែរ បន្ទាប់ពីការស៊ើបអង្កេត ដោយនិយតករចិន បានរកឃើញពិការភាព អាចបង្កើន ហានិភ័យនៃការប៉ះទង្គិច ។ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានព្យាករណ៍ កាលពីឆ្នាំមុនថា ប្រទេសចិននឹងក្លាយជាទីផ្សារ ដ៏ធំបំផុត របស់ក្រុមហ៊ុន ហើយគាត់បានស្វែង រកការបង្កើនជំហរ របស់ខ្លួននៅក្នុងប្រទេស ៕ ដោយ៖លី ភីលីព

Most Popular

To Top