អាជ្ញាធរនៅក្នុងប្រទេសហ្វីជី បានរឹបអូសនាវាតម្លៃ ៣០០លានដុល្លាររបស់មហាសេដ្ឋីរុស្ស៊ី Suleiman Kerimov បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានស្នើសុំឱ្យរក្សាទុកនាវានេះ។ លោក Kerimov ត្រូវបានគេស្គាល់ថាជាមនុស្សដែលជិតស្និទ្ធនឹងមេដឹកនាំរុស្សី លោកពូទីន។
“ការរឹបអូសនាវាដ៏ប្រណិតនេះ អាចជាសារមួយប្រាប់ដល់មហាសេដ្ឋីរុស្ស៊ីដែលពុករលួយទាំងអស់ថា ពួកគេមិនអាចលាក់បាំងបានឡើយ សូម្បីតែនៅតំបន់ដាច់ស្រយាលបំផុតនៃពិភពលោក។ អាមេរិកនឹងប្រើគ្រប់មធ្យោបាយនៃការអនុវត្តទណ្ឌកម្មដែលបានដាក់ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន”។ មន្រ្តីអាមេរិក លោកស្រី Lisa Monaco ថ្លែង។
ការរឹបអូសនាវា Amadea របស់មហាសេដ្ឋីរុស្សី ធ្វើឡើងបន្ទាប់ពីនាវានេះបានធ្វើដំណើរពីម៉ិកស៊ិចកូទៅកាន់ កោះហ្វីជី។ នាវាតម្លៃ ៣០០លានដុល្លារ ចំណាយពេល១៨ថ្ងៃ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក មុនពេលចូលចតនៅកំពង់ផែ Lautoka កោះហ្វីជី។ នាវាទំនើបនេះត្រូវបានគេនិយាយថាមានកន្លែងហាត់ប្រាណ ហាងសាឡន បារ និងជណ្តើរយន្ត។ នៅលើនោះមានអាងហែលទឹក និងកន្លែងសម្រាប់ចុះចត ឧទ្ធម្ភាគចក្រផងដែរ៕ ប្រភព៖sabay



