ឱកាសអាជីវកម្មតាមអនឡាញនិងប្រព័ន្ធឌីជីថល ត្រូវបានគេរំពឹងថា នឹងនៅតែមាន សម្រាប់អាជីវករនៅកម្ពុជា ពីព្រោះអតិថិជននិងអ្នកលក់រាយ គឺមានការយល់ដឹងកាន់តែខ្ពស់ទៅលើបច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជា របស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook, TikTok និងSpotify។
ជាមួយនឹងទីផ្សារអនឡាញក្នុងស្រុកដែលមានតម្លៃរាប់ពាន់លានដុល្លារ Httpoolកំពុងផ្ដល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយ ឲ្យត្រៀមខ្លួនរួចជាស្រេច ពីព្រោះថា ពាណិជ្ជកម្មអេឡិចត្រូនិច និងអាជីវកម្មតាមអនឡាញ នឹងស្ថិតនៅគង់វង្ស ជាបន្តទៀត។
ការរាតត្បាតនៃវីរុសកូវីដ១៩ គឺជិតកន្លងផុតទៅហើយ។ ចំណែកឯប្រជាពលរដ្ឋវិញ ក៏កំពុងមានកម្លាំងចិត្តឡើងវិញ ដើម្បីដើរឆ្ពោះទៅមុខ។ ជាបន្តបន្ទាប់ គេសង្កេតឃើញថា ករណីឆ្លងថ្មី គឺកាន់តែថយចុះជាលំដាប់។ រីឯការរស់នៅប្រចាំថ្ងៃវិញ ក៏ហាក់បីដូចជាត្រលប់មកជាប្រក្រតីវិញហើយ។ ហើយវិស័យអាជីវកម្មវិញ ក៏កំពុងមានសភាពរស់រវើកវិញហើយ ដូចជាវិស័យបដិសណ្ឋារកិច្ច ទេសចរ និងលក់រាយជាដើម។ ក៏ប៉ុន្តែ វាប្រហែលជាមិនងាយស្រួលទេ ក្នុងការដែលយើងត្រលប់ទៅធ្វើប្រតិបត្តិការអាជីវកម្មដូចពីមុនវិញ និងមានក្ដីរំពឹងថា អាជីវកម្មរបស់យើងនឹងកាក់កបខ្លាំង ដូចកាលពីជំនាន់មុនកូវីដនោះ។
ជាការពិតណាស់ថា ពិភពលោកសព្វថ្ងៃ គឺពិតជាមិនដូចមុនឡើយ ហើយវិធីប្រកបអាជីវកម្ម ក៏មិនដូចមុនទៀតដែរ។ ការដើរទិញទំនិញនៅតាមដងផ្លូវ និងនៅតាមផ្សារទំនើបដែលមានមនុស្សកកកុញ ប្រហែលជាត្រូវបាត់បង់ប្រជាប្រិយភាពហើយ។ អតិថិជនជាអ្នកប្រើប្រាស់ កំពុងតែមានទំនោរកាន់តែខ្ពស់ទៅលើ ពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញទំនិញតាមអនឡាញ។
ប៉ុន្តែ សំណួរសួរថា តើគេត្រូវពង្រឹងនិងវិនិយោគទៅលើវត្តមាននៅលើអនឡាញនៃម៉ាកយីហោ ក្រោយពីចប់កូវីដឬ?
ប្រជាប្រិយភាពនៃការទិញទំនិញតាមអនឡាញ
ជាការពិតណាស់ថា ការរាតត្បាតវីរុសកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក តាមរយៈបំរាមនិងការបិទខ្ទប់ ដែលបណ្តាលឲ្យមនុស្សជាច្រើន ត្រូវបាត់បង់ការងារធ្វើ ហើយអ្នកវិនិយោគទុន ក៏កាត់បន្ថយការវិនិយោគផងដែរ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ នៅខណៈដែលយើងកំពុងចាកចេញពីបញ្ហានេះ ថាតើយើងអាចប្រើការផ្លាស់ប្ដូរទាំងនេះ ដើម្បីជាប្រយោជន៍ពង្រឹងសមត្ថភាពរបស់យើង ឲ្យកាន់តែរឹងមាំដែរឬទេ?
ដូចពាក្យចាស់ពោលថា នៅពេលដែលទ្វាមួយបិទ ទ្វាមួយទៀតប្រហែលជាបើក។ នៅពេលដែលហាងជាលក្ខណៈអគារថយចុះ ហាងជាលក្ខណៈថ្មីមួយទៀត ក៏លេចធ្លោឡើង ពោលគឺការកើនឡើងនៃការប្រើប្រាស់សេវាតាមអនឡាញ។ ចាប់តាំងពីមានការបិទខ្ទប់មក ពាណិជ្ជកម្មអេឡិចត្រូនិច និងពាណិជ្ជកម្មតាមទូរស័ព្ទ បានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ហើយទីផ្សារវិញ ក៏យល់ដឹងភ្លាមៗថា បើទោះជាគេមិនមានហាងជាលក្ខណៈអគារក្ដី ក៏គេនៅតែអាចបន្តលក់ទំនិញតាមអនឡាញ បានដដែល។ ហេតុដូច្នេះហើយ ទើបបានជា អ្នកវិនិយោគ និងអ្នកប្រើប្រាស់ មើលឃើញនូវកំណើនដ៏ខ្លាំងក្លានៃភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិច ដែលទ្រទ្រង់ដល់ការវិលត្រលប់មកវិញ នៃដំណើរការអាជីវកម្មនៅទូទាំងសកលលោក។
ឧទាហរណ៍ជាក់ស្ដែងដូចជា ទីផ្សារអាស៊ីខាងកើត គេសង្កេតឃើញនូវកំណើនដ៏ខ្ពស់នៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ ប្រទេសចិន ដែលគេចាត់ទុកថា ជាទីផ្សារដ៏ធំបំផុតនៅអាស៊ី មានការលក់រាយតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច សរុបជាទឹកប្រាក់ចំនួនជាង២៧០០លានដុល្លារ។ ម្យ៉ាងទៀត ប្រទេសជិតខាងរបស់ចិន ពោលគឺប្រទេសជប៉ុន ក៏មានការលក់ក្នុងទំហំទឹកប្រាក់ជិត១៧០ពាន់លានដុល្លារផងដែរ លើផ្នែកលក់រាយ។ ករណីទាំងពីរប្រទេសនេះ ឆ្លុះបង្ហាញឲ្យឃើញថា បើទោះជាការរាតត្បាតកូវីដ១៩បានវាយលុកធ្វើឲ្យរាំងស្ទះសកម្មភាពរស់នៅរបស់យើង អស់រយៈពេល២ឆ្នាំក្ដី ក៏ដំណើរការអាជីវកម្ម មិនដែលនៅទ្រឹងឡើយ ពោលគឺវាបានបត់បែន ដើម្បីឆ្លងផុតពីឧបសគ្គផ្សេង ជាបន្តបន្ទាប់។
នាពេលបច្ចុប្បន្ននេះ វាពិតជាចាំបាច់និងបន្ទាន់ ក្នុងការដែលអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនលំដាប់ពិភពលោក ត្រូវកសាងវត្តមានឲ្យបានរឹងមាំនៅលើអនឡាញ។
ក្រុមហ៊ុនstart-upជំនាន់ថ្មីៗនេះ ក៏បានយកចិត្តទុកដាក់ខ្លាំង ទៅលើការរៀបចំយុទ្ធសាស្ត្រឌីជីថលផងដែរ ដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ពួកគេ ឲ្យបានជោគជ័យ។ បើនិយាយចំពោះប្រទេសឥណ្ឌាវិញ ក្រុមហ៊ុន Amazon កំពុងផ្ដល់ឱកាសមួយដល់ហាងលក់ទំនិញក្នុងស្រុក ឲ្យមានលទ្ធភាពលក់ផលិតផលគ្រឿងទេសនៅលើភ្លែតហ្វមរបស់ក្រុមហ៊ុនបាន។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០២០ និងពង្រីកបន្ថែមរយៈពេលមួយឆ្នាំរហូតដល់ឆ្នាំ២០២១។ បច្ចុប្បន្ន កម្មវិធីរបស់Amazonមានអ្នកចូលរួមមកពីជាង១០០លានហាងនៅ៤៥០ទីក្រុង ហើយកម្មវិធីនេះកំពុងមានគម្រោងពង្រីកចំនួនអាជីវកម្មដែលចូលរួម ឲ្យឈានដល់១លានអាជីវកម្មត្រឹមឆ្នាំ២០២៥។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ប្រទេសឥណ្ឌា គឺជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ការសិក្សាជាច្រើនបង្ហាញថា ការលក់រាយតាមអនឡាញបានកើនឡើងយ៉ាងខ្លាំង ពីចំនួន៦៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ឡើងមកចំនួន៨០ពាន់លានដុល្លារនាឆ្នាំ២០២២នេះ។ ការព្យាករណ៍ជាច្រើនក៏ចង្អុលបង្ហាញថា តួលេខនេះនឹងកើនដល់១៤៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥។ នៅក្នុងអត្រានេះ ឥណ្ឌាកំពុងវិវឌ្ឍខ្លួន ក្លាយទៅជាប្រទេសដែលរីកចម្រើនលឿនជាងគេលំដាប់ទី២នៅអាស៊ី ដោយសារតែមានវត្តមានដ៏រឹងមាំនៅលើពាណិជ្ជកម្មអេឡិចត្រូនិច។
ការចាប់យកពិភពឌីជីថល នៅទូទាំងពិភពលោក
បើយោងតាមសន្និបាតអង្គការសហប្រជាជាតិស្ដីអំពីរបាយការណ៍ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ការលក់រាយតាមអនឡាញ បានកើនឡើងយ៉ាងខ្លាំង នៅតាមបណ្ដាប្រទេសជឿនលឿន។ ការលក់នៅចក្រភពអង់គ្លេស បានកើនឡើងពីចំនួន៨៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកចំនួន១៣៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ នៅសហរដ្ឋអាមេរិកក៏មានកំណើនដ៏ខ្លាំងក្លាផងដែរក្នុងឆ្នាំ២០១៩ ដោយក្នុងនោះ ប្រាក់ចំណេញពីការលក់តាមអនឡាញ ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតក្នុងទំហំ៥៩៨ពាន់លានដុល្លារ ហើយក្នុងឆ្នាំទីមួយនៃការរាតត្បាតវីរុសកូវីដ១៩ ប្រាក់ចំណេញបានកើនឡើងចំនួន២០០ពាន់លានដុល្លារ។
លើសពីនេះ Amazon និង Alibaba ដែលជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកនោះ សុទ្ធតែមានកំណើនប្រាក់ចំណេញដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នាអំឡុងពេលដែលកូវីដ១៩ចាប់ផ្ដើមរាតត្បាតដំបូងៗ។ Amazon ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សរបស់អាមេរិក មានកំណើននៃការលក់សរុបចំនួន១៧%នៅចន្លោះឆ្នាំ២០១៩និង២០២០។ រីឯ Alibaba ដែលជាគូប្រជែងយក្សមកពីប្រទេសចិនវិញ ក៏មានកំណើន១០%ផងដែរ។ ម្យ៉ាងទៀត សូម្បីតែShopify ដែលជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់សកម្មដល់ទៅជាង១លាននាក់ ក៏ទទួលបានកំណើនប្រាក់ចំណេញដ៏ច្រើនលើសលប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីឆ្នាំ២០២០ផងដែរ។ ភ្លែតហ្វមនេះ រកប្រាក់ចំនូលបានរហូតដល់ទៅជិត៦០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។
នៅខណៈដែលសេវាកម្មរបស់អាជីវកម្មជាច្រើនត្រូវបានរារាំងនាអំឡុងពេលបិទខ្ទប់ វត្តមានអាជីវកម្មនៅលើអនឡាញ ក៏បានអភិវឌ្ឍឈានដល់កម្រិតថ្មីមួយ។ មិនយូរមិនឆាប់នោះទេ ពាណិជ្ជកម្មអេឡិចត្រូនិច នឹងក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃវិស័យលក់រាយជាមិនខាន។ អ្នកប្រើប្រាស់នឹងប្រាកដជាជ្រើសរើសយកវិធីទិញទំនិញតាមអនឡាញដែលមានភាពងាយស្រួលជាងមុន ជាក់ជាមិនខាន។ ហើយការរាតត្បាតនៃកូវីដ១៩ បានត្រឹមតែធ្វើឲ្យការព្យាករណ៍នេះ កាន់តែប្រាកដជាក់ច្បាស់ប៉ុណ្ណោះ។ នាពេលសព្វថ្ងៃនេះ ដំណើរការអាជីវកម្មជាទូទៅ ស្ទើរតែមិនអាចប្រព្រឹត្តិទៅបានទៅហើយ ប្រសិនបើមិនមានវត្តមានដ៏រឹងមាំនៅលើអនឡាញ។ ការធ្វើយុទ្ធនាការទីផ្សារតាមប្រព័ន្ធបណ្ដាញសង្គម និងការធ្វើប្រូម៉ូសិននៅតាមបណ្ដាញប្រព័ន្ធឌីជីថលផ្សេងៗ គឺពិតជាចាំបាច់ដើម្បីឲ្យអាជីវកម្មខ្នាតតូចនិងមធ្យម រីកចម្រើនទៅបាន និងដើម្បីឲ្យក្រុមហ៊ុនលំដាប់សកល អាចរក្សាបាននូវប្រាក់ចំនូលខ្ពស់។
ភាពរីកលូតលាស់នៃអាជីវកម្ម ក្រោយពេលកូវីដបញ្ចប់ទៅ
វាគឺជាមិនងាយស្រួលទេក្នុងការបង្កើតនិងរក្សាអាជីវកម្មមួយឲ្យជោគជ័យ ជាពិសេសគឺនៅក្រោយពេលកូវីដ១៩បញ្ចប់ទៅតែម្ដង ពីព្រោះថាទីផ្សារនៅតែផុយស្រួយនិងងាយរងគ្រោះ។
ក្រុមហ៊ុនជាច្រើន បានបិទទ្វាដោយសារកូវីដ១៩ ហើយក្រុមហ៊ុនខ្លះទៀត ក៏ពិបាករកប្រាក់ចំណេញឲ្យបានដូចកាលពីសម័យមុនកូវីដ។ ម្យ៉ាងវិញទៀត ប្រជាប្រិយភាពថ្មីៗ បង្ហាញឲ្យឃើញថា អាជីវកម្មជាច្រើន ចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការកសាងវត្តមានលើអនឡាញ ជាពិសេសគឺវត្តមាននៅលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចតែម្ដង។ ទីផ្សារអ៊ឺរ៉ុបខាងលិច មានកំណើនដ៏ខ្លាំងក្លាក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ នាឆ្នាំ២០១៥ វិស័យនេះមានចំណូលត្រឹមតែរង្វង់២០០ពាន់លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលកូវីដ១៩ឈានដល់ចំនុចកំពូល ការទិញទំនិញតាមអនឡាញ មានទំហំទឹកប្រាក់រហូតដល់ទៅជាង៤៥០ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ទំនោរទាំងនេះបង្ហាញថា អ្នកប្រើប្រាស់ធ្វើការទិញទំនិញតាមអនឡាញកាន់តែច្រើនជាងពេលណាទាំងអស់។ ហេតុផលចំបងមួយនោះ គឺដោយសារ នាសម័យកូវីដ១៩ គេកាន់តែងាយស្រួលទិញទំនិញតាមអនឡាញ ដោយមិនចាំបាច់ក្រោកពីគ្រែឬស្លៀកពាក់ ដើម្បីចេញទៅទិញទំនិញទៀតទេ។ ដូច្នេះ វាច្បាស់ណាស់ថា វិស័យលក់រាយតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ពិតជាមានប្រៀបជាង និងបន្តមានប្រៀបកាន់តែខ្លាំង នាពេលអនាគត។ ភាពរីកចម្រើននៃបច្ចេកវិទ្យាទំនាក់ទំនង ធ្វើឲ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញទំនិញតាមទូរស័ព្ទរបស់ពួកគេបានកាន់តែងាយស្រួល។ ឧទាហរណ៍ដូចជា នៅប្រទេសឥណ្ឌា ៨០%នៃការលក់តាមអនឡាញ ប្រព្រឹត្តទៅតាមទូរស័ព្ទដៃ។ ហេតុដូច្នេះ វិស័យអាជីវកម្មឌីជីថល កំពុងមើលឃើញនូវកំណើននៃពាណិជ្ជកម្មតាមទូរស័ព្ទដៃ។ គួរកត់សម្គាល់ថា ជាង៥០%នៃការលក់សរុបនៅលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច គឺធ្វើឡើងតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អតិថិជន។ វិស័យពាណិជ្ជកម្មតាមទូរស័ព្ទដៃ ស្ថិតនៅក្នុងដំណាក់កាលក្មេងខ្ចីនៅឡើយ ព្រមទាំងមានសក្ដានុពលឥតដែនកំណត់សម្រាប់អភិវឌ្ឍ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការលក់តាមពាណិជ្ជកម្មទូរស័ព្ទដៃសរុប បានកើនឡើងចំនួន៤០%។
ប្រតិបត្តិការពាណិជ្ជកម្មតាមទូរស័ព្ទដៃ ក៏បានប្រព្រឹត្តទៅនៅនឹងកន្លែងដោយផ្ទាល់ផងដែរ។ គេសង្កេតឃើញថា អ្នកប្រើប្រាស់បច្ចុប្បន្ននិយមទូទាត់ប្រាក់ដោយប្រើទូរស័ព្ទដៃ ជាជាងឆូតកាតក្រេឌីត។ Apple Pay ដែលជាអ្នកបង្កើតបច្ចេកវិទ្យានេះមុនគេ មានអ្នកប្រើប្រាស់ចំនួនជាង៣៨០លាននាក់នៅទូទាំងពិភពលោក។ ចំនួននេះ គឺច្រើនជាងចំនួនប្រជាជនសរុបនៅចក្រភពអង់គ្លេសទៅទៀត។ សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ ផ្ដល់ជូនអ្នកប្រើប្រាស់ទាំងភាពងាយស្រួលនិងសុវត្ថិភាព ក្នុងការរក្សាទុកកាតដេបីដនិងកាតក្រេឌីដផងដែរ។
មនុស្សជាច្រើនមិនហ៊ានចេញក្រៅផ្ទះនោះទេនាអំឡុងកូវីដកំពុងរាតត្បាត។ ហើយក្រុមហ៊ុន Lidl ដែលជាផ្សារទំនើបដ៏ធំ បានចាប់យកឱកាសនេះ ដើម្បីបង្កើតមុខងារថ្មីសន្លាងមួយ។ គេបានហៅមុខងារនេះថា Lidl Plus ដែលផ្ដល់ជូនអតិថិជននូវមធ្យោបាយទិញទំនិញ តាមទូរស័ព្ទស្មាតហ្វូន។ បើយោងតាមទិន្នន័យពីGoogle Play និង Apple Store, Lidl Plus មានគេទាញយកចំនួនជាង១៣០០លានដង ក្នុងខែកញ្ញា។
បើសង្ខេបមកវិញ ពាណិជ្ជកម្មអេឡិចត្រូនិចនិងពាណិជ្ជកម្មតាមទូរស័ព្ទដៃ មានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជាតួអង្គឯកនៅក្នុងវិស័យលក់រាយ។ ពាណិជ្ជកម្មទាំង២ប្រភេទនេះ សុទ្ធតែនៅក្មេងខ្ចី និងទទួលបានប្រាក់ចំនូលក្នុងកម្រិតខ្ពស់មិនធ្លាប់មាន។ យូរៗទៅ អ្នកទិញទំនិញនឹងធ្វើការទិញតាមឌីជីថលទាំងស្រុងតែម្ដង។ បណ្ដាញសង្គមនិងការផ្សព្វផ្សាយទំនិញតាមអនឡាញ គឺជាផ្នែកដ៏សំខាន់សម្រាប់ជួយឲ្យម៉ាកយីហោទាំងឡាយ ទទួលបានជោគជ័យ និងទំនុកចិត្តទៅលើផលិតផលរបស់ពួកគេ។ ឧទាហរណ៍ថា ក្រុមហ៊ុនមួយអាចផលិតឡានដ៏ល្អបំផុតក្នុងពិភពលោក ប៉ុន្តែប្រសិនបើគេមិនផ្សព្វផ្សាយវានៅលើបណ្ដាញសង្គមទេ ក្រុមហ៊ុននោះប្រហែលជាលក់បានតែនៅក្នុងតំបន់ដែលគេតាំងនៅតែប៉ុណ្ណោះ។ ការធ្វើទីផ្សារឌីជីថល ផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនទាំងឡាយ អាចផ្សព្វផ្សាយទៅកាន់អតិថិជនដែលស្រលាញ់ក្រុមហ៊ុនរបស់ខ្លួន បានកាន់តែទូលំទូលាយ។ អតិថិជនទាំងនេះ គឺពិតជាចាំបាច់ណាស់សម្រាប់សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយនេះគឺជាការពិត។
១ទល់នឹង០ រវាងការទិញទំនិញតាមអនឡាញនិងទិញនៅកន្លែងដោយផ្ទាល់
ការពិត គឺឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈលទ្ធផលនេះឯង។ ជាក់ស្ដែង ទិន្នន័យនៅទូទាំងពិភពលោកបង្ហាញថា ក្រោយពេលកូវីដបញ្ចប់ទៅ វិស័យពាណិជ្ជកម្មអេឡិចត្រូនិច នឹងកាន់តែគួរឲ្យទុកចិត្តជាងពាណិជ្ជកម្មដែលតម្រូវឲ្យទៅទិញនៅនឹងកន្លែង។ លើសពីនេះ ការធ្វើអាជីវកម្មតាមអនឡាញ ចំណាយប្រាក់តិចជាង និងមានប្រសិទ្ធភាពជាងការបើកហាងជាលក្ខណៈអគារ។ ការធ្វើអាជីវកម្មអនឡាញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្ម តាមដានការចូលមើលរបស់អតិថិជនមកកាន់គេហទំព័ររបស់ខ្លួន និងអាចវិភាគដឹងថា ផលិតផលមួយណា លក់ដាច់ជាង។ ទិន្នន័យឌីជីថល ផ្ដល់ព័ត៌មាននិងតម្រុយបានទូលំទូលាយជាង។
ភាពជោគជ័យនៃFashion Nova ដែលជាក្រុមហ៊ុនលក់រាយសម្ភារស្ត្រី បង្ហាញថា អាជីវកម្មមួយអាចរីកចម្រើនទៅបាន ចាំបាច់ត្រូវមានវត្តមានរឹងមាំនៅលើអនឡាញ។ ក្រុមហ៊ុននេះមានហាងជាលក្ខណៈអគារ ត្រឹមតែ៥កន្លែង នៅក្នុងរដ្ឋមួយនៃសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីឆ្នាំទៅ ក្រុមហ៊ុននេះរកចំណូលបានរហូតដល់ទៅ ៥២០លានដុល្លារ។ សំណួរសួរថា តើគេធ្វើបែបនេះបាន ដោយរបៀបណាទៅ? Fashion Nova ដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅទូទាំងពិភពលោក។ មានន័យថា ក្រុមហ៊ុនមិនត្រឹមតែលក់ផលិតផលឲ្យអតិថិជនដែលរស់នៅរដ្ឋកាលីហ្វញ៉ាប៉ុណ្ណោះទេ តែក៏លក់ទៅឲ្យមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកផងដែរ។ ពាណិជ្ជកម្មអេឡិចត្រូនិចនិងឌីជីថលកម្មនៃអាជីវកម្ម អនុញ្ញាតឲ្យសហគ្រិនទាំងឡាយអាចផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួនបានកាន់តែទូលំទូលាយ។ ប៉ុន្តែ ដើម្បីរកប្រាក់ចំនូលឲ្យបានខ្ទង់លានដុល្លារ ការដែលមានត្រឹមតែហាងអនឡាញ នៅមិនទាន់គ្រប់គ្រាន់ទេ។ គេចាំបាច់ត្រូវធ្វើយុទ្ធនាការទីផ្សារតាមបណ្ដាញសង្គម ធ្វើការផ្សាយពាណិជ្ជកម្មទៅកាន់អតិថិជនគោលដៅ ធ្វើប្រូម៉ូសិនអនឡាញ និងការផ្ញើអ៊ីមែលទៅកាន់អតិថិជនគោលដៅ ដើម្បីធ្វើឲ្យមហាជនបានស្គាល់ច្បាស់អំពីម៉ាកយីហោរបស់ក្រុមហ៊ុននោះ។
ភាពងាយស្រួលនិងគួរឲ្យទុកចិត្តរបស់ពាណិជ្ជកម្មអេឡិចត្រូនិច ជួយឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំនូលដ៏ល្អ។ គួបផ្សំជាមួយនឹងការផ្សព្វផ្សាយម៉ាកយីហោ និងការធ្វើប្រម៉ូសិនតាមបណ្ដាញសង្គមដ៏ល្អ ក្រុមហ៊ុនទាំងឡាយ នឹងមានឱកាសជោគជ័យកាន់តែខ្ពស់។
សេចក្ដីសន្និដ្ឋានអំពីឥទ្ធិពលរបស់ពាណិជ្ជកម្មអេឡិចត្រូនិច ទៅលើវិស័យអាជីវកម្ម
ពាណិជ្ជកម្មអេឡិចត្រូនិច ដើរតួនាទីដ៏សំខាន់នៅក្នុងការជួយឲ្យក្រុមហ៊ុនទាំងអស់ អាចរកប្រាក់ចំនូល នៅក្រោយពេលកូវីដ១៩បញ្ចប់ទៅ។ ពិភពឌីជីថលមានឱកាសឥតដែនកំណត់ សម្រាប់អតិថិជននិងក្រុមហ៊ុន។ ពិភពលោក គឺជាកន្លែងមួយដែលមិនអាចព្យាករណ៍ទុកជាមុនបាន។ កាលពី២ឆ្នាំមុន ការរាតត្បាតជាសកលនៃកូវីដ១៩ បានផ្ដួលអាជីវកម្មជាច្រើន។ ហាងផ្សេងៗត្រូវបានគេបំផ្លាញដោយការបាញ់ស្ព្រៃគំនូរ ចោរកម្ម និងគ្រោះធម្មជាតិដូចជាព្យុះឬរញ្ជួយដីជាដើម។ ពាណិជ្ជកម្មអេឡិចត្រូនិច បានលេចរូបរាងឡើង ក្នុងនាមជាពន្លឺនៃក្ដីសង្ឃឹម សម្រាប់មនុស្សជាច្រើន។ ម្យ៉ាងវិញទៀត វាក៏ផ្ដល់មុខងារវិភាគល្អៗជាច្រើនផងដែរ សម្រាប់ឲ្យម្ចាស់អាជីវកម្មអាចតាមដានទំនោរនិងចំណាប់អារម្មណ៍របស់អតិថិជនរបស់ពួកគេផងដែរ ដូច្នេះក្រុមហ៊ុនទាំងនោះអាចបត់បែនទៅតាមស្ថានការជាក់ស្ដែង។
កំណើននៃឥទ្ធិពលនិងប្រជាប្រិយភាពរបស់ពាណិជ្ជកម្មអេឡិចត្រូនិច បានជួយទំនប់បម្រុងដល់អាជីវកម្មពិភពលោក នាអំឡុងពេលកូវីដនេះ ហើយបច្ចុប្បន្នវាមានលក្ខណៈគ្រប់គ្រាន់ ដើម្បីកសាងអនាគតឌីជីថលដែលកាន់តែរឹងមាំ ទៅថ្ងៃមុខ។ បន្ទាប់ពីមានការបិទខ្ទប់ សហគ្រិនទាំងឡាយបានមើលឃើញថា ការធ្វើឌីជីថលកម្មហាងរបស់ពួកគេ គឺជាឱកាសដ៏ល្អមួយដែលគួរវិនិយោគ។
ការពិតនិងតួលេខ មិនកុហកយើងឡើយ ហើយពេលនេះយើងយល់កាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃវិស័យនេះ។ អ្នកប្រើប្រាស់ និយមចាយលុយតាមអនឡាញ ជាងចាយនៅនឹងហាង។ ចំណែកឯរបាយការណ៍លក់នារយៈពេល២ឆ្នាំនេះវិញ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញដូច្នេះដែរ។
ការវិវឌ្ឍន៍នៃបច្ចេកវិទ្យានឹងជួយពន្លឿនឲ្យអតិថិជន ងាកមកទិញទំនិញតាមអនឡាញ។ កាលពីម្ភៃសាមសិបឆ្នាំមុន គេកម្រឮពាក្យពាណិជ្ជកម្មអេឡិចត្រូនិចណាស់។ តែសព្វថ្ងៃ គេធ្វើការទិញទំនិញតាមទូរស័ព្ទ ដូចជាធ្វើកិច្ចការសាមញ្ញៗទៅហើយ។ ហើយស្ថានភាពនេះ ត្រូវបានជម្រុញបន្ថែមកាន់តែខ្លាំង ពីកំណើនដ៏ឆាប់រហ័សនៃបណ្ដាញសង្គម នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនទាំងឡាយអាចប្រើប្រាស់ភ្លែតហ្វមទាំងនេះ ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក ក៏ដូចជាពង្រីកអាជីវកម្មរបស់ពួកគេឲ្យឈានឡើងមួយកម្រិតទៀត។ ដល់ពេលហើយ ដែលអ្នកត្រូវបោះជំហានចូលទៅក្នុងពិភពលោកថ្មីនេះ ជាមួយនឹងភាពរឹងមាំកាន់តែខ្លាំង៕