តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា ប្រជាជនជប៉ុនវ័យកណ្ដាលច្រើនជាង ៥០% មានរសនិយមចូលចិត្ត ហុតទឹកស៊ុបក្តៅៗ និងមានរសជាតិប្រៃៗ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយ បានចុះផ្សាយពីកំពូលមនុស្ស ឆ្លាតវៃម្នាក់ជនជាតិជប៉ុន បង្កើតបាន ចង្កឹះទេវមន្តដំបូងគេបំផុត លើពិភពលោក មានសមត្ថភាពអាចធ្វើឲ្យរសជាតិទឹកស៊ុបឆ្ងាញ់ ល្មមហុតចាប់មាត់ជីបៗ ។
ចំពោះដំណើការ នៃចង្កឹះសុខភាពដ៏ទំនើបនេះ មានរូបរាងដូច ទៅនឹងចង្កឹះធម្មតាដែរ ប៉ុន្តែឆ្លាតជាង ព្រោះវាមានភ្ជាប់ដោយដែក ចម្លងចរន្តមួយគូហើយគេភ្ជាប់វាតាមរយៈខ្សែភ្លើងមួយដោយ ប្រើប្រាស់ បច្ចេកវិទ្យារលកសញ្ញា អេឡិចត្រូនិច Electrical Stimulation Waveform ជាមួយនឹង ឧបករណ៍មួយហៅថា Mini Computer មានបន្ទះឈីបពិសេស នៅក្នុងនោះដែលគេរចនាវាឡើង ដោយមានខ្សែ សម្រាប់ពាក់នៅលើ កដៃ ដូចខ្សែនាឡិកា នៅពេលអ្នកហុតទឹកស៊ុប វានឹងបំប្លែងអ៊ីយ៉ុងសូដ្យូម ក្នុងទឹកស៊ុប តាមរយៈឧបករណ៍ទៅចង្កឹះ ដោយដំណើការបន្ថែមរសជាតិ បញ្ចូនទៅកាន់អណ្ដាត ធ្វើឲ្យជិវ្ហាញ្ញាណយើងទទួលអារម្មណ៍ថា ម្ហូបមានជាតិជាងមុន ។
លោក Homei Miyasshita
លោក Homei Miyasshita ដែលជាសាស្រ្តាចារ្យផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Meiji នៅប្រទេសជប៉ុន និងជាអ្នកស្រាវជ្រាវធ្វើការជាមួយក្រុមហ៊ុនម្ហូបអាហារជប៉ុន Kirin Holdings ផ្ដួចផ្ដើមផលិតបាន ឧបករណ៍មួយភ្ជាប់នឹងចង្កឹះមួយគូ មានសមត្ថភាពអាចប្រែ ក្លាយទៅជា ចង្កឹះទេវមន្ត និងជាចង្កឹះសុខភាពដ៏ល្អបំផុត ។
សាស្រ្តាចារ្យបានបន្ថែមទៀតថា ផលិតផលនេះលោករំពឹង នឹងធ្វើឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរ ទម្លាប់នៃការហូបអាហារ វាក៏នឹងក្លាយជាជំនួយការដ៏ល្អ សម្រាប់អ្នកស្រលាញ់សុខភាព ។
បច្ចុប្បន្ន ចង្កឹះវេទមន្តនេះនៅមិនទាន់ មានលក់លើទីផ្សារនៅឡើយទេ យ៉ាងយូរបំផុតអាច នឹងចេញជាផលិតផល សម្រេចនៅចុងឆ្នាំ ២០២២ ខាងមុខនេះ។