ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិតគ្រឿងគ្រៅ iPad នៅប្រទេសវៀតណាម ជាលើកដំបូងបង្អស់។ នេះបើយោងតាម Nikkei Asia និងសារព័ត៌មានក្នុងស្រុកវៀតណាម VNExpress ។
គ្រប់គ្នាប្រាកដជាធ្លាប់បានដឹងហើយថា ទីតាំងផលិតកម្មធំបំផុត របស់ក្រុមហ៊ុន Apple ដែលមានដូចជា iPhone និង iPad គឺមានមូលដ្ឋាននៅក្នុងប្រទេសចិន តែយ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាចំណូល ពាន់លានដុល្លារមួយនេះ ក៏បានសម្រេចគិតគូរផ្ទេរការផលិត iPad មួយចំនួនចេញពីប្រទេសចិន មកកាន់ប្រទេសវៀតណាមវិញ [ប្រភពមិនបញ្ជាក់ឈ្មោះម៉ូឌែលណាមួយឡើយ] ។ ផលិតផល iPad នេះទៀតសោត វាគឺជាជាផលិតផលដ៏សំខាន់ទីពីររបស់ Apple ដែលផលិតនៅប្រទេសវៀតណាម បន្ទាប់ពីកាសស្តាប់ត្រចៀក AirPods ។
ក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះ [វៀតណាម] ដើម្បីកាត់បន្ថយលើការពឹងផ្អែក លើការផលិតទាំងស្រុងនៅប្រទេសចិន តែមួយយ៉ាងដូច្នេះ រីឯផលិតកម្មផលិតផល iPad ក្នុងប្រទេស វៀតណាមនេះស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ។ បើមើលតាមទិន្នន័យកាលពីឆ្នាំមុន Apple នាំចេញ iPad ចំនួន ៥៨ លានគ្រឿងទូទាំងពិភពលោកដែលភាគច្រើនផលិតនៅក្នុងប្រទេសចិន។
យោងតាមប្រភពដដែល បានរំលេចឲ្យដឹងថា ការផ្លាស់ប្តូររបស់ Apple ពីចិនមកវៀតណាម ដោយសារតែ វិធានការបិទខ្ទប់កូវីដ-១៩ យ៉ាងតឹងរឹងទាំងនៅ ក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែ នៃសង្វាក់ផ្គត់ផ្គង់ មិនទាន់តម្រូវការទីផ្សារ ស្របពេលដែលកាលបរិច្ឆេទប្រកាសចេញផលិតផល iPad 2022 ថ្មីរបស់ Apple ក៏ត្រៀមបង្ហាញជាសាធារណៈ នាពេលឆាប់ៗខាងមុខនេះ៕