Event

បើកសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ជាផ្លូវការ

ភ្នំពេញ៖ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក Benjamin V. Wohlauer តំណាងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍លោកនាយកវិទ្យា បានរាយការណ៍ជូនអង្គពិធីអំពីសមិទ្ធផលវិទ្យាស្ថានសម្រេចបាន បន្ទាប់ពីការសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាស្ថានកាលពីខែមករា ឆ្នាំ២០២១ ក្នុងនោះរួមមានការចាប់ផ្តើមដំណើរការរៀបចំការប្រឡងជ្រើសរើសទទួលនិស្សិតជំនាន់ ទី១ និងនិស្សិតជំនាន់ទី២ ឲ្យចូលរៀននៅវិទ្យាស្ថាន លើឯកទេសសំណង់សាធារណការ មានជំនាញ សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក សំណង់កំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹក កខ្វក់ ឯកទេសគ្រប់គ្រងការដឹកជញ្ជូន និងភស្ដុភារកម្ម មានជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូន និងជំនាញភស្ដុភារកម្ម និងឯកទេសនាវាចរណ៍មានជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។

ថ្លែងក្នុងមតិសំណេះសំណាលឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុន RMA អំពីផែនការមេភស្តុភារកម្មត្រូវការទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ ៣៣០ គម្រោង និងបានសំណូមពរឲ្យក្រុមហ៊ុនRMA ទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA និងមន្ត្រីពាក់ព័ន្ធទាំងអស់បានខិតខំប្រឹងប្រែងសហការរៀបចំបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI)នេះឡើង និងបានសម្ដែងនូវការអបអរសាទរចំពោះការបើកដំណើរការជាផ្លូវការនូវរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលថ្មីៗកន្លងទៅនេះ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA បានផ្ដល់អ្នកជំនាញបច្ចេកទេសមកបណ្ដុះបណ្ដាលសិក្ខាកាម និងនិស្សិតរបស់យើង ក៏ដូចជាបានផ្ដល់គ្រឿងសម្ភារៈបរិក្ខារ រួមទាំងរថយន្តចំនួន១គ្រឿង ដើម្បីឲ្យសិស្សអនុវត្ដនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះ បណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់។

លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យសិក្ខាកាម និងនិស្សិតរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីមានចំណេះដឹងអាចជួសជុល រថយន្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងបានធ្វើការកត់សម្គាល់ថា៖ យានយន្តក៏ជាកត្តាមួយបង្កឱ្យមានគ្រោះថ្នាក់នៅកម្ពុជាផងដែរ ដោយសារការជួសជុល និងកែច្នៃយានយន្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍នៅតាមដងផ្លូវរបស់យើង។

ជាមួយគ្នានោះដែរ លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា ភីអិលស៊ី បានលើកឡើងអំពីប្រវត្តិសង្ខេបខ្លះៗរបស់ក្រុមហ៊ុន RMA និងបានសំដែងជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុន RMA CAMBODAI និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹង ផ្តល់ជា ប្រយោជន៍ដល់ប្អូនៗសិស្សនិស្សិត ក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេស ហើយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ ហ្វដ-ធី អេស អាយ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ នឹងក្លាយជាទីតាំងមួយសម្រាប់ឲ្យសិស្សានុសិស្ស សិក្ខាកាមនានាមកទទួលយកការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែងផ្ទាល់។

ដោយឡែក លោក Benjamin V. Wohlauer បានសម្ដែងនូវការអបអរសាទរចំពោះកម្មវិធីសម្ពោធមជ្ឈ មណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានបញ្ជាក់បន្ថែមថា៖ នេះជាសមិទ្ធ ផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធិផល ដែលកើតចេញពីកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន RMA (CAMBODAI) ។

សូមជម្រាបជូនថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន RMA (CAMBODAI) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លើក្របខណ្ឌ កិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល៥ឆ្នាំ។ ជាលទ្ធផលនៃការចុះអនុស្សារណៈ យោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសមកដល់វិទ្យាស្ថាន ក្នុងការរៀបចំ និងធ្វើនវានុវត្ដអគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនឹងត្រូវរៀបចំជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ក្រុមហ៊ុនបាន រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានផ្ដល់រថយន្ដចំនួន ៥គ្រឿងដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេស យានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់គិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារ អាមេរិក៕

Most Popular

To Top