បច្ចេកវិទ្យា កាន់តែទំនើបត្រូវបាន បំពាក់នៅលើរថយន្ត ដើម្បីបង្កើនសុវត្ថិភាព និងប្រកួតប្រជែងគ្នាលើទីផ្សារ ។ តួយ៉ាងក្រុមហ៊ុនធំៗ ដូចជា Toyota និង Ford ជាដើម គឺមានប្រព័ន្ធសុវត្ថិភាព ស្តង់ដាជាច្រើន ក្នុងនោះមានប្រព័ន្ធដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ គឺប្រព័ន្ធឱ្យសញ្ញាព្រមាន ជាមួយហ្វ្រាំងអូតូ ពេលមានមនុស្សឆ្លងផ្លូវនៅខាងមុខ (Pre-Collision System With Pedestrian Detection)។

វាមានប្រយោជន៍បំផុត ដល់អ្នកបើកបរ ពិសេសគឺនៅពេលយប់ ព្រោះភាគច្រើននៃអ្នកបើកបរសុទ្ធតែពិបាកមើលផ្លូវ ហើយពេលបើកដល់ ទីប្រជុំជន ផ្សារ ឬកន្លែងដែលមាន មនុស្សច្រើន គឺតែងតែមានមនុស្ស ឆ្លងផ្លូវទៅវិញទៅមក ដែលអាចបង្កគ្រោះថ្នាក់ បុកអ្នកថ្មើរជើង គ្រប់ពេល ប្រសិនបើអ្នកបើកបរនោះធ្វេស ប្រហែសជាន់ហ្វ្រាំងមិនទាន់ ។
ដូច្នេះ ប្រសិនបើរថយន្តមានបំពាក់ប្រព័ន្ធ សុវត្ថិភាពខាងលើ គឺ វានឹងបន្លឺសំឡេងរោទិ៍ព្រមាន ដាស់តឿនអ្នកបើកបរ តាមរយៈកាមេរ៉ា និងសេនស័ររ៉ាដា ហើយបើ នៅតែមិនជាន់ហ្វ្រាំងទៀត គឺប្រព័ន្ធវានឹងជាន់ហ្វ្រាំង ស្វ័យប្រវត្តិតែម្តង បញ្ចៀសមិនឱ្យបុកអ្នកថ្មើរជើង ដែលឆ្លងផ្លូវនោះឡើយ។

វាក៏ធ្វើការមាន ប្រសិទ្ធភាពផងដែរ ចំពោះការបញ្ចៀសមិនឱ្យបុកអ្នកជិះកង់ ៕
