បច្ចេកវិទ្យា

យោធារុស្ស៊ី សាកល្បងដោយជោគជ័យ លើអាវុធសម្រាប់ប្រឆាំង នឹងយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពដែលធ្លាប់ស្គាល់ ពីកម្មវិធីនេះថា ប្រទេសរុស្ស៊ី បានធ្វើតេស្តដោយជោគជ័យ នូវអាវុធអេឡិចត្រូម៉ាញ៉េទិច Stupor សម្រាប់ប្រើប្រឆាំងនឹង យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន។ ទីភ្នាក់ងារនេះបាននិយាយថា ការសាកល្បងលើទីលាន គឺជាលើកដំបូងសម្រាប់ឧបករណ៍ ប្រឆាំងនឹងសត្រូវពិតប្រាកដ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អាវុធ Stupor គឺជាម៉ាស៊ីនបញ្ចាំងអេឡិចត្រូម៉ាញ៉េទិច ដែលមានគោលបំណងរំខាន ការទំនាក់ទំនងរបស់យន្តហោះ គ្មានមនុស្សបើកជាមួយប្រតិបត្តិកររបស់វា។ នេះរំខានដល់បេសកកម្ម របស់យន្តហោះគោលដៅ ដោយធ្វើឱ្យវាមិនអាចទទួលយកការបញ្ជា ឬបញ្ជូនព័ត៌មានស៊ើបការណ៍សម្ងាត់ ត្រឡប់មកវិញ។ Drone អាចនឹងធ្លាក់មកដី ឬ អាចត្រូវបានគេចាប់យក។

មជ្ឈមណ្ឌលស្រាវជ្រាវមនុស្សយន្ត នៃក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញឧបករណ៍នេះក្នុងអំឡុងពេល បង្ហាញអាវុធក្នុងឆ្នាំ 2017 ។ មជ្ឈមណ្ឌលស្រាវជ្រាវនេះ បាននិយាយថា ឧបករណ៍ដែលមើលទៅអនាគត មានប្រសិទ្ធភាព ក្នុងចម្ងាយរហូតដល់ 2 គីឡូម៉ែត្រ ដរាបណាគោលដៅ មិនត្រូវបានរារាំង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top