ម៉ូស្គូ៖ កងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃសុក្របានទទួលនាវាមុជទឹក Belgorod ដំបូងគេដែលត្រូវបានរចនាឡើង ដើម្បីផ្ទុកយន្តហោះដ្រូនក្រោមទឹក ដើរដោយថាមពលនុយក្លេអ៊ែរ Poseidon នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Nikolay Yevmenov អគ្គមេបញ្ជាការកងទ័ពជើងទឹក បានឲ្យដឹងនៅក្នុងពិធីមួយថា នាវាមុជទឹកបើកឱកាសថ្មី សម្រាប់ប្រទេសរុស្ស៊ីក្នុងការអនុវត្តការងារ ស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗ និងធ្វើប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់ដាច់ស្រយាលនៃមហាសមុទ្រ។
នាវា Belgorod ដើរដោយថាមពលនុយក្លេអែរ ត្រូវបានអណ្តែតចេញ នៅខែមេសា ឆ្នាំ២០១៩ ហើយដំបូងឡើយ ត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់កងទ័ពជើងទឹក ក្នុងឆ្នាំ២០២០ ។ នាវាមុជទឹកប្រភេទនេះចំនួនពីរគ្រឿងទៀត នឹងត្រូវដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៧ ។
យោងតាមរបាយការណ៍ TASS ពីមុន យន្តហោះដ្រូន Poseidon មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ជាមួយនឹងទិន្នផលរហូតដល់ ២ megatons ដើម្បីបំផ្លាញមូលដ្ឋានទ័ពជើងទឹករបស់សត្រូវ។ វាអាចធ្វើដំណើរបានយ៉ាងលឿន ក្នុងជួរអន្តរទ្វីបដែលមានជម្រៅប្រតិបត្តិការជាង ១ គីឡូម៉ែត្រ៕ ប្រែសម្រួល ឈូក បូរ៉ា