បច្ចេកវិទ្យា

ប្រទេសចិន បន្ថែមមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ទៅស្ថានីយអវកាស ជុំវិញគន្លងរបស់ខ្លួន

ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបន្ថែមមន្ទីរពិសោធន៍មួយទៅកាន់ស្ថានីយអវកាស អចិន្ត្រៃយ៍របស់ខ្លួន ខណៈខ្លួនកំពុងឆ្ពោះទៅរក ការបញ្ចប់រចនាសម្ព័ន្ធនៅក្នុងប៉ុន្មានខែខាងមុខនេះ។

ម៉ូឌុលមន្ទីរពិសោធន៍ Wentian ត្រូវបានដាក់ឲ្យដំណើរការពីមូលដ្ឋានអវកាស Wenchang នៅលើកោះត្រូពិចនៃខេត្ត Hainan កាលពីថ្ងៃអាទិត្យ ដោយមានហ្វូងអ្នកថតរូបស្ម័គ្រចិត្ត និងអ្នកចូលចិត្តអវកាស ជាច្រើនមើល។ នេះបើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency ថា បន្ទាប់ពីការហោះហើររយៈពេល ១៣ ម៉ោង វាបានចូលចតដោយជោគជ័យ ជាមួយនឹងម៉ូឌុលរស់នៅ Tianhe ដ៏សំខាន់របស់ស្ថានីយ៍ Tiangong នៅម៉ោង៣:១៣ ព្រឹកថ្ងៃចន្ទ ។

នេះបើយោងតាមសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋថា យាន Wentian ត្រូវបានរចនាឡើងសម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ និងជីវវិទ្យា ហើយម៉ូឌុលមន្ទីរពិសោធន៍ទម្ងន់ ២៣ តោន មានទម្ងន់ធ្ងន់ជាងយានអវកាសទោលផ្សេងទៀតកំពុងស្ថិតនៅក្នុងលំហ ។ វានឹងត្រូវបានបន្តដោយម៉ូឌុលមន្ទីរពិសោធន៍ទីពីរ គឺ Mengtian នឹងត្រូវដាក់ឲ្យដំណើរការនៅខែតុលា។ បច្ចុប្បន្ន អវកាសយានិកបីនាក់កំពុងរស់នៅក្នុងម៉ូឌុលស្នូល ក្នុងបេសកកម្មរយៈពេល៦ខែ និងត្រួតពិនិត្យការមកដល់ និងការចតរបស់ Wentian ។

រ៉ុក្កែត Long March 5B-Y3 ជាកម្លាំងខ្លាំងបំផុតរបស់ប្រទេសចិន បានអនុវត្តម៉ូឌុលនេះ នៅក្នុងការបាញ់បង្ហោះលើកទីបីចាប់តាំងពីស្ថានីយអវកាសចិន បានឈានចូលដំណាក់កាលសាងសង់។ វាត្រូវបាននាំមុខ ដោយយានអវកាសដឹកទំនិញថ្នាក់ Tianzhou និងយានអវកាស Shenzhou-14 ។

កម្មវិធីអវកាសរបស់ប្រទេសចិន ដំណើរការដោយស្លាបយោធារបស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច កងទ័ពរំដោះប្រជាជន ហើយបានដំណើរការ យ៉ាងទូលំទូលាយជាមួយកម្មវិធី Tiangong ដោយគ្មានជំនួយ ពីប្រទេសដទៃ។ សហរដ្ឋអាមេរិកបានដកចិន ចេញពីស្ថានីយអវកាសអន្តរជាតិ ដោយសារទំនាក់ទំនង យោធារបស់ខ្លួន៕ ដោយ៖លី ភីលីព

Most Popular

To Top