ខ្សែសាករបស់ iPhone, iPad និង Macbook ត្រូវបានអ្នកប្រើជាច្រើនត្អូញត្អែរ អំពីគុណភាពជ័ររបស់វា ថាឆាប់បែក ខណៈប្រើទើបបានប៉ុន្មានខែប៉ុណ្ណោះ ពិសេសគឺត្រង់កន្លែងខ្សែសាក ទៅក្បាលសាក និងពីខ្សែសាកទៅក្បាល USB។ មូលហេតុបណ្ដាលមកពីកត្តាធំៗចំនួន២៖
ទីមួយ គឺដើម្បីភាពស្រស់ស្អាត ដើម្បីឱ្យខ្សែសាកមានរាងស្ដើង មិនមានគន្លាក់ជ័រធំមើលទៅគ្រើម ទើបក្រុមអ្នករចនារបស់ Apple បានដកគន្លាក់ជ័រធំនៅដើមខ្សែ ដែលប្រើសម្រាប់ទប់ចលនាបត់បែន ដោយជំនួសនូវផ្លាស់ស្ទិច រាងមូលរលោងជំនួសវិញ។
អំឡុងពេលផ្លាស់ប្ដូរនេះ ក្រុមវិស្វកម្មរបស់ Apple ក៏បានដឹងពីអត្រាបរាជ័យខ្ពស់ នៅលើខ្សែសាករបស់ខ្លួនដែរ ប៉ុន្ដែពួកគេនៅតែធ្វើវាដដែល។
ទីពីរ គឺដើម្បីរក្សាបរិស្ថាន សហស្ថាបនិក និងអតីត CEO លោក Steve Jobs ដែលគេស្គាល់ថាជាមនុស្សគាំទ្របរិស្ថាន ដោយគាត់បានដកសារធាតុ អាចបង្កគ្រោះថ្នាក់/ពុល PVC ចេញពីខ្សែសាក។ PVC ជាសារធាតុផ្លាសស្ទិច ត្រូវបានគេប្រើដើម្បីផលិតវត្ថុ ឱ្យរឹងមាំនិងប្រើប្រាស់បានយូរ។
ក្រោយពីដកសារធាតុនេះ ពួកគេក៏ដាក់សារធាតុកៅស៊ូ មានកម្រាស់ស្តើង ដែលងាយនឹងពត់បត់បែនជំនួសមកវិញ។ ម៉្លោះហើយទើបអ្នកតែងតែឃើញ ខ្សែសាករបស់ Apple មានសភាពងាយនឹងបែក ថែមទាំងមានតម្លៃថែមទៀតផង។
ដូចនេះតាំងពី ឆ្នាំ២០០៧ មក Apple នៅតែមានបញ្ហាខ្សែសាក ឆាប់ខូចជាប់មករហូត។ ប៉ុន្ដែបញ្ហាទាំងនេះ ពួកគេព្យាយាមដោះស្រាយ ដោយបានប្រើសារធាតុក្រណាត់ត្បាញ ដែលមានភាពរឹងមាំមិនងាយបែកនោះទេ ដូចឃើញមាន ខ្សែសាករបស់ HomePod និង iMac ជំនាន់ថ្មី៕ Source: Sabay