អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្ររកឃើញសត្វពីងពាង False Widow នៅចក្រភពអង់គ្លេសក្នុងចំនួនកើនឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ អាចសម្របខ្លួនបាននូវអាកប្បកិរិយាវាយប្រហាររបស់ខ្លួន និងកំណត់គោលដៅផ្នែកដែលងាយរងគ្រោះបំផុតនៃរាងកាយរបស់សត្រូវ។
ការសិក្សាមួយបានរកឃើញថា ការខាំរបស់សត្វពីងពាង False Widow មួយក្បាលមានពិសខ្លាំងជាងសត្វពីងពាងអៀរឡង់ដល់ទៅ២៣០ដង។ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជាតិអៀរឡង់ Galway (NUIG) បានស៊ើបអង្កេតពីភាពខ្លាំងនៃពិសរបស់សត្វពីងពាង ដើម្បីយល់ពីមូលហេតុដែលវាជោគជ័យខ្លាំងក្នុងការរីករាលដាលតាមទីក្រុង និងទីក្រុងនានាជុំវិញពិភពលោក។
ពួកគេបានរកឃើញថា មិនត្រឹមតែពិសរបស់ប្រភេទសត្វនេះខ្លាំងជាងសត្វពីងពាងអឺរ៉ុបខាងជើងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែសត្វមានជើង៨ក៏អាចសម្របខ្លួនបាននូវអាកប្បកិរិយាវាយប្រហាររបស់វា ដើម្បីយកឈ្នះក្នុងស្ថានភាពផ្សេងៗ។ ការសិក្សាក៏បានបង្ហាញពីសត្វពីងពាង False Widow អាចធ្វើការសម្រេចចិត្តដោយគណនាថា តើត្រូវវាយលុកសត្វធំ ឬតូច អាស្រ័យលើចំនួនពិសពួកគេបានបន្សល់ទុកនៅក្នុងក្រពេញរបស់ពួកគេ។
ប្រសិនបើមានពិសតិចតួច ពួកគេចៀសវាងគូប្រកួតធំៗដែលអាចធ្វើឲ្យពួកគេរងរបួស ហើយជំនួសមកវិញដោយផ្តោតលើសត្វតូចៗ។ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា នៅក្នុងសមរភូមិ False Widow មិនចាក់ពិសដោយចៃដន្យទេ ប៉ុន្តែកំណត់គោលដៅផ្នែកនៃរាងកាយរបស់សត្រូវដែលមានសរសៃប្រសាទច្រើនបំផុត ជាកន្លែងពិស neurotoxic របស់វានឹងមានប្រសិទ្ធភាពបំផុត៕ ដោយ៖លី ភីលីព