បច្ចេកវិទ្យា

ក្រុមហ៊ុនឡាន Tesla ប្រកាសប្រមូលរថយន្ត ជាង១លានគ្រឿង នៅសហរដ្ឋអាមេរិកមកវិញ ដោយសារបញ្ហាកញ្ចក់

បរទេស៖ ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ១,១ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើង ពីបញ្ហាសុវត្ថិភាពជាមួយនឹងប្រព័ន្ធបង្អួចដោយស្វ័យប្រវត្តិ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមហ៊ុនបានជូនដំណឹងដល់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) អំពីបញ្ហានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និយាយថា ការប្រមូលមកវិញនេះគ្របដណ្តប់លើរថយន្តម៉ូដែល 2017-2022 Model 3, 2020-2021 Model Y និង 2021-2022 Model S និង Model X។ ប្រព័ន្ធបញ្ច្រាសបង្អួចដោយស្វ័យប្រវត្តិ នៅក្នុងរថយន្ត ពេលខ្លះអាចគាំង នៅពេលបិទ ដែលបង្កើនហានិភ័យ នៃការរងរបួស, នេះបើយោងតាមក្រុមហ៊ុន Tesla ។

ដូចដែលបានចង្អុលបង្ហាញដោយ NHTSA នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក វាគឺខុសច្បាប់ សម្រាប់នរណាម្នាក់ រួមទាំងក្រុមហ៊ុនផលិត អ្នកចែកចាយ ក្រុមហ៊ុនលក់ ឬអ្នកលក់រាយក្នុងការលក់ទំនិញ ឬយានយន្ត ដែលមិនគោរពតាមស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ។ ដូចនេះ ការប្រមូលឡើងវិញត្រូវតែចេញ ប្រសិនបើរកឃើញបញ្ហាបែបនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top