ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានស្នើឱ្យបន្តកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃដើម ៤៤ពាន់លានដុល្លារអាមេរិក នេះបើយោងតាមឯកសារ ហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ។
ការផ្តល់ជូននេះបានកើតឡើង មុនការកាត់ក្តី ដែលគ្រោងធ្វើឡើងនៅតុលាការ Delaware Chancery នៅថ្ងៃទី១៧ ខែតុលា ដែលក្នុងនោះ Twitter ត្រូវបានកំណត់ ដើម្បីស្វែងរកការបញ្ជាទិញ ដែលដឹកនាំលោក Musk ឱ្យបិទកិច្ចព្រមព្រៀងក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមហ៊ុន Twitter លោក Musk បានស្នើឱ្យបន្តកិច្ចព្រមព្រៀងនេះ ប្រសិនបើតុលាការអាចពន្យារពេលសវនាការ និងដំណើរការពាក់ព័ន្ធផ្សេងទៀតទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រុមហ៊ុម Twitter បានឲ្យដឹងថា ខ្លួនបានទទួលសំបុត្រនេះ ហើយមានបំណង បិទប្រតិបត្តិការក្នុងតម្លៃភាគហ៊ុនដើម ដែលផ្តល់ដោយក្រុមរបស់លោក Musk ។
កាលពីខែមេសា លោក Musk បានប្រកាសពីការទិញយក បណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ក្រោយមកក្នុងខែឧសភា លោកបានលើកឡើងថា កិច្ចព្រមព្រៀងនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈដែលលោក បានស្នើសុំព័ត៌មានលម្អិត អំពីចំនួនគណនី spam និងក្លែងក្លាយរបស់វេទិកាសង្គមមួយនេះ។
លោក Musk បានបញ្ចប់កិច្ចព្រមព្រៀងនេះ កាលពីខែកក្កដា ដោយបានស្តីបន្ទោសក្រុមហ៊ុន សម្រាប់ការកាត់ទុកព័ត៌មាន អំពីចំនួនសារឥតបានការ និងគណនីក្លែងក្លាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មេធាវីរបស់លោក Musk បានអះអាងថាក្រុមហ៊ុន Twitter បានបរាជ័យក្នុងការអនុលោម តាមកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងបញ្ចូលគ្នា ហើយបាន “បំពានលើខ្លឹមសារនៃបទប្បញ្ញត្តិជាច្រើន” នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីខែមេសា៕ ប្រែសម្រួល ឈូក បូរ៉ា