តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារតាមរបៀបដែលអ្នកចង់បាន? តើអ្នកចង់ដឹងពីរបៀបបង្កើតបទពិសោធអនឡាញដែលអ្នកសាកសមនឹងទទួលបានដែរឬទេ? តើអ្នកចង់មានលទ្ធភាពអាចជ្រើសរើសបានថា តើអ្នកណាអាចមើលឃើញអ្វីដែលអ្នកបានបង្ហោះដែរឬទេ? បើដូច្នេះមែន អ្នកប្រហែលជាចង់តាមដានយុទ្ធនាការសុវត្ថិភាពថ្មីរបស់ Meta Cambodia ហើយ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើនសុវត្ថិភាពអនឡាញ និងគ្រប់គ្រងមាតិការបស់ពួកគេ។
យុទ្ធនាការដែលចាប់ផ្តើមនៅខែតុលារហូតដល់ខែវិច្ឆិកានេះ ធ្វើឡើងក្រោមប្រធានបទ #ThisGirlCan។ យុទ្ធនាការ #ThisGirlCan មានគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើតបរិយាកាសសុវត្ថិភាពដែលពួកគេមានអារម្មណ៍ជឿជាក់លើការចែករំលែកមាតិការបស់ពួកគេ និងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ Meta Cambodia កំពុងធ្វើយុទ្ធនាការនេះដោយសហការជាមួយអ្នកបង្កើតមាតិកាក្នុងស្រុក និងអង្គការនានាដែលនឹងជួយបង្កើត និងបញ្ជូនសារអំពីសុវត្ថិភាពរបស់ស្ត្រី។
អ្នកបង្កើតមាតិកាក្នុងស្រុកល្បីឈ្មោះម្នាក់គឺកញ្ញា នារី ជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះ Switching ដែលមានអ្នកតាមដានជាង ២សែននាក់ កំពុងចាប់ផ្តើមយុទ្ធនាការនេះជាមួយនឹងវីដេអូជាស៊េរីចំនួន៤។ ប្រធានបទដែលកញ្ញា នារី លើកយកមកនិយាយនៅក្នុងវីដេអូរបស់នាងរួមមានរបៀបរាយការណ៍និង/ឬរាំងខ្ទប់ (ប្លុក) អ្នកស្អប់ របៀបអនុវត្តការត្រងពាក្យប្រមាថ (សម្រាប់តែទំព័រហ្វេសប៊ុក) របៀបគ្រប់គ្រងការកំណត់ឯកជនភាពនិងសុវត្ថិភាព និងដំបូន្មានអំពីអ្វីដែលត្រូវចែករំលែកនិងអ្វីដែលមិនត្រូវចែករំលែកនៅលើហ្វេសប៊ុក។
កញ្ញា នារី បានថ្លែងថា៖ «ក្នុងនាមជាស្ត្រីម្នាក់ដែលមានអ្នកតាមដានទំព័រហ្វេសប៊ុកច្រើន ខ្ញុំត្រូវតែខ្វល់ខ្វាយអំពីវត្តមានក្នុងបណ្តាញសង្គមផ្ទាល់របស់ខ្ញុំ ដូច្នេះខ្ញុំរីករាយដែលក្រុមហ៊ុន Meta ប្រឹងប្រែងអប់រំខ្លួនខ្ញុំ និងអ្នកផ្សេងទៀតអំពីប្រធានបទនេះ។ ខ្ញុំក៏រីករាយផងដែរ ដែលអាចប្រើកេរ្តិ៍ឈ្មោះនៅលើបណ្តាញសង្គមរបស់ខ្ញុំផ្ទាល់ដើម្បីអាចមានលទ្ធភាពផ្តល់ការណែនាំ និងអប់រំអ្នកផ្សេងទៀតអំពីប្រធានបទនេះ»។
ក្រៅពីវីដេអូ ក៏មានរូបមានចលនា (Animation) ជាស៊េរីផងដែរ ដែលនឹងបង្ហាញនៅលើទំព័រហ្វេសប៊ុក Meta Cambodia។ ប្រធានបទដែលមាននៅក្នុងរូបមានចលនាទាំងនោះ នឹងមានរាប់ចាប់ពីការទទួលបានការជូនដំណឹងនៅពេលមានឡុកអ៊ីន (Login) ដែលគួរឱ្យសង្ស័យ រហូតដល់ការកំណត់ថាតើអ្នកណាអាចបញ្ចេញមតិលើសារបង្ហោះរបស់អ្នកបាន។ រូបមានចលនាផ្សេងទៀតផ្តល់ដំបូន្មានអំពីរបៀបកំណត់អ្វីដែលអ្នកមើលឃើញនៅលើ Newsfeed ផ្ទាល់របស់អ្នក និងរបៀបគ្រប់គ្រងថាតើអ្នកចង់ឱ្យអ្នកណាម្នាក់មើលឃើញព័ត៌មានលម្អិតអំពីទំនាក់ទំនង និងសារបង្ហោះនាពេលអនាគតរបស់អ្នក។
លោក ហេង ភក្តី នាយកគ្រប់គ្រងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Meta យើងតែងតែជឿជាក់ថា អ៊ីនធឺណិតគួរតែជាកន្លែងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ហើយសុវត្ថិភាពនិងឯកជនភាពរបស់អ្នកប្រើប្រាស់គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗរបស់យើង។ យើងអនុវត្តវិធីសាស្រ្តដ៏ទូលំទូលាយក្នុងការធ្វើឱ្យភ្លែតហ្វមរបស់យើងក្លាយជាកន្លែងកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់របស់យើង រួមទាំងការសរសេរគោលនយោបាយច្បាស់លាស់ ការចូលរួមជាមួយអ្នកជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបដើម្បីជួយទប់ស្កាត់ការរំលោភបំពានមិនឱ្យកើតឡើងតាំងពីដំបូង។ កិច្ចខិតខំប្រឹងប្រែងបែបនេះគឺអាចអនុវត្តបានចំពោះប្រទេសកម្ពុជា ដូចដែលអនុវត្តចំពោះប្រទេសផ្សេងទៀតក្នុងពិភពលោកដូច្នេះដែរ»។
នៅក្នុងខែវិច្ឆិកាខាងមុខនេះ យុទ្ធនាការ #ThisGirlCan របស់ Meta Cambodia នឹងប្រមូលផ្តុំអ្នកបង្កើតមាតិកាជាស្ត្រី ឥស្សរជនសាធារណៈជាស្ត្រីដែលមានឥទ្ធិពល និងតារាល្បីៗជាស្ត្រី ដើម្បីអប់រំស្ត្រីខ្មែរអំពីរបៀបដែលពួកគេអាចបង្កើនសុវត្ថិភាពរបស់ពួកគេតាមអ៊ីនធឺណិត។ យុទ្ធនាការ #ThisGirlCan ក៏នឹងរួមមានទាំងការបណ្តុះបណ្តាលសម្រាប់អ្នកបង្កើតមាតិកាក្នុងស្រុក ក៏ដូចជាការពិភាក្សាជាក្រុមជាមួយស្ត្រីដែលមានឥទ្ធិពលបំផុតមួយចំនួននៅកម្ពុជាផងដែរ។
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ #ThisGirlCan របស់ Meta Cambodia សូមចូលទៅកាន់ https://www.facebook.com/MetaCambodia/