ដូហា៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ប្រទេសកាតាដែលប្រទេសសម្បូរហ្គាសបានបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងរបស់ខ្លួន ដោយលាតសន្ធឹងលើវាលខ្សាច់ជាកន្លែងដ៏ធំគ្រោងនឹងផ្តល់រហូតដល់ ១០ ភាគរយនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេសឈូងសមុទ្រតូចមួយ។
លោក Saad Sherida al-Kaabi រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអេមីរ៉ាត និងជាប្រធានក្រុមហ៊ុនថាមពល QatarEnergy បាននិយាយថា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅ al-Kharsaah ភាគខាងលិចនៃរដ្ឋធានីដូហា គឺជាធំបំផុតមួយនៅមជ្ឈិមបូព៌ា។ វាត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៧ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន TotalEnergies របស់បារាំង និងក្រុមហ៊ុន Marubeni របស់ជប៉ុនជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយដោយប្រទេសកាតា ជាប្រទេសផលិតឧស្ម័នធម្មជាតិរាវ ដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ។
គម្រោងនេះចំណាយអស់ ១,៧ ពាន់លានរៀលកាតារ (ប្រហែល ៤៦៧ លានដុល្លារ) មានបន្ទះស្រូបពន្លឺព្រះអាទិត្យប្រមាណ ១,៨ លានបន្ទះ និងគ្របដណ្ដប់លើផ្ទៃដីជាង ១០ គីឡូម៉ែត្រការ៉េ។ លោក Kaabi បានប្រាប់សន្និសីទសារព័ត៌មានមួយថា ដំណើរការចាប់តាំងពីខែមិថុនាមក រោងចក្រនេះមានសមត្ថភាព ៨០០ មេហ្គាវ៉ាត់ ហើយនឹងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
លោក Kaabi បានបន្តថា រោងចក្រនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់កាតា ដើម្បីសាងសង់គម្រោងដែល រួមចំណែកដល់ការកាត់បន្ថយឧស្ម័ន និងការបញ្ចេញកម្ដៅ។ ក្នុងអំឡុងពេលថ្ងៃ បច្ចេកវិទ្យាតាមដានព្រះអាទិត្យនឹងផ្លាស់ទីបន្ទះដើម្បីធានាបាននូវការប៉ះពាល់នឹងពន្លឺព្រះអាទិត្យអតិបរមា ខណៈនៅពេលយប់ដៃមនុស្សយន្តសម្អាតធូលីដី។
អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោកដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកាបានប្រើប្រាស់រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំដើម្បីគាំទ្រការអះអាងថា ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក “សូន្យសុទ្ធ” ជាលើកដំបូង។ ប៉ុន្តែ Kaabi បាននិយាយថា គាត់មិនអាចបញ្ជាក់បានទេថា រោងចក្រ al-Kharsaah នឹងផ្តល់ថាមពលសម្រាប់កីឡដ្ឋានរៀបចំការប្រកួតក្នុងអំឡុងពេលការប្រកួតខែវិច្ឆិកាដល់ខែធ្នូ៕
ដោយ៖លី ភីលីព