យូអិន ៖ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានចេញលិខិតចំហមួយ ទៅកាន់លោក Elon Musk នាយកប្រតិបត្តិ នៃក្រុមហ៊ុន Twitter ដោយលើកឡើងពីការ “ធានាថាសិទ្ធិមនុស្ស គឺជាចំណុចសំខាន់ នៃការគ្រប់គ្រងបណ្ដាញ Twitter” ។
លិខិតនេះបានធ្វើ តាមរបាយការណ៍ នៃការបញ្ឈប់បុគ្គលិកយ៉ាងច្រើន របស់ក្រុមហ៊ុន Twitter កាលពីថ្ងៃសុក្រ រួមទាំងក្រុមសិទ្ធិមនុស្ស និងក្រុម AI ដែលមានក្រមសីលធម៌ផងដែរ ។
លោក Turk បានឲ្យដឹងនៅក្នុងលិខិតនោះថា “ការគោរពសិទ្ធិមនុស្សរួមគ្នា របស់យើង គួរតែកំណត់ផ្លូវការពារសម្រាប់ការប្រើប្រាស់ និងការវិវត្តន៍របស់វេទិកា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅក្នុងលិខិតនោះ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញឱ្យ Twitter ក្រោកឈរឡើង សម្រាប់សិទ្ធិឯកជនភាព ហើយបានសង្កត់ធ្ងន់ថា Twitter មានទំនួលខុសត្រូវក្នុង ការជៀសវាងការពង្រីកខ្លឹមសារ ដែលនាំឱ្យប៉ះពាល់ ដល់សិទ្ធិអ្នកដទៃ។
លោក Elon Musk បានបញ្ចប់កិច្ច ព្រមព្រៀងទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារក្នុងខែតុលា ដោយទទួល បានការគ្រប់គ្រងពីក្រុមហ៊ុន បណ្តាញសង្គម។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ Twitter បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់ នៅក្នុងនាយកដ្ឋាននៅទូទាំងក្រុមហ៊ុន ដែលជាផ្នែកនៃផែនការ ឈ្លានពាន ដើម្បីកាត់បន្ថយការចំណាយ៕
ប្រែសម្រួល ឈូក បូរ៉ា