បច្ចេកវិទ្យា

មហាសេដ្ឋី ប្រាក់លាន Elon Musk បញ្ជាក់ថា Twitter នឹងមិនយកទោសជាទូទៅ ដល់គណនី ដែលបានព្យួរ មិនឲ្យដំណើរការ នៅសប្តាហ៍ក្រោយ

CNA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Elon Musk បានលើកឡើងថា បណ្តាញសង្គម Twitter នឹងផ្តល់ “ការលើកលែងទោសទូទៅ” ដល់គណនី ដែលត្រូវបានព្យួរ មិនឲ្យដំណើរការ នៅសប្តាហ៍ក្រោយ បន្ទាប់ពីដំណើរការស្ទង់មតិ ថាតើ ត្រូវធ្វើដូច្នេះសម្រាប់អ្នកប្រើប្រាស់ ដែលមិនបានបំពានច្បាប់ ឬចូលរួមក្នុងការផ្ញើសារឥត បានការជាច្រើននោះ ។

នៅក្នុងការស្ទង់មតិមួយ លោក Musk បានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃពុធ គឺមាន៧២,៤ភាគរយ នៃអ្នកប្រើប្រាស់ជាង ៣,១៦លាននាក់ ដែលបានចូលរួមបោះឆ្នោតគាំទ្រ ក្នុងការនាំយកមកវិញ នូវអ្នកដែលត្រូវបានផ្អាក ដោយវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គម ។

លោក Musk ដែលជាអ្នកបានទិញបណ្តាញសង្គម Twitter កាលពីខែមុនបានបង្ហោះសារនៅថ្ងៃព្រហស្បតិ៍ថា “ពលរដ្ឋបាននិយាយ” ។ “ការលើកលែងទោស ចាប់ផ្តើមនៅសប្តាហ៍ក្រោយ” ។

គួររំលឹកថា កាលពីសប្តាហ៍មុន លោក Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុត របស់ពិភពលោក បានស្តារគណនីមួយចំនួនដែលត្រូវបានផ្អាកពីមុនមក រួមទាំងអតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ គេហទំព័រប្រមាថរបស់ Babylon Bee និងតារាកំប្លែង Kathy Griffin ផងដែរ ។

គាត់បានសរសេរនៅ ក្នុងខែតុលាថា បណ្តាញសង្គម Twitter នឹងបង្កើតក្រុមប្រឹក្សាសម្របសម្រួលមាតិកា “ជាមួយនឹងទស្សនៈចម្រុះយ៉ាងទូលំទូលាយ” ។ លោក Musk បានថ្លែងថា គ្មានការសម្រេចចិត្តលើ ខ្លឹមសារសំខាន់ៗ ឬការបញ្ចូលគណនីឡើងវិញ នឹងកើតឡើង មុនពេលក្រុមប្រឹក្សាត្រូវ បានកោះប្រជុំនោះទេ ។

ការផ្លាស់ប្តូរ និងភាពវឹកវរ បានកត់សម្គាល់រយៈពេល២-៣សប្តាហ៍ដំបូងរបស់មហាសេដ្ឋីថា ជាម្ចាស់បណ្តាញសង្គម Twitter ។ គាត់បានបណ្តេញអ្នកគ្រប់គ្រង ជាន់ខ្ពស់ រួមទាំងអតីតនាយកប្រតិបត្តិ Parag Agarwal ហើយត្រូវបានប្រកាសថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្តិសុខ និងឯកជនភាពបានលាឈប់ពីតំណែង ។

ការលាលែងពីតំណែងទាំងនោះបាន ទាក់ទាញការត្រួតពិនិត្យពីគណៈកម្មការពាណិជ្ជកម្ម សហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលអាណត្តិរបស់ពួកគេរួម មានការការពារអ្នកប្រើប្រាស់ និងដែលបានលើកឡើងថា ខ្លួនកំពុងមើលបណ្តាញសង្គម Twitter ដោយមានការ”ព្រួយបារម្ភយ៉ាងខ្លាំង” ៕

Most Popular

To Top