រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្ម សហព័ន្ធ និងរដ្ឋមួយចំនួន តូចបានប្រកាសការដោះស្រាយ ជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google និង iHeartMedia ទាក់ទងនឹងការផ្សាយ ពាណិជ្ជកម្មតាមវិទ្យុ ដែលបំភាន់អំពីទូរស័ព្ទ Google ។
នេះបើយោង តាមអគ្គមេធាវីរដ្ឋ កាលីហ្វ័រញ៉ាលោក Rob Bonta ថា ការដោះស្រាយនេះកើតចេញពីការត្អូញត្អែរ ដែលចោទថា Google បានបង់ប្រាក់ ឲ្យបុគ្គលិកវិទ្យុគាំទ្រ និងនិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួន របស់ពួកគេ នៃការប្រើ Pixel 4 ជាទូរសព្ទដៃមួយ របស់ក្រុមហ៊ុន ។ លោក Bonta បានបន្តថា នៅពេលនោះទូរស័ព្ទ មិនអាចប្រើបាន ហើយឌីជេវិទ្យុជាច្រើនមិនបានប្រើវាទេ ។
ការិយាល័យរបស់លោក Bonta បាននិយាយថា ការផ្សាយពាណិជ្ជកម្មបានដំណើរការច្រើនជាង ២៣,០០០ដងនៅទូទាំងទីផ្សារប្រព័ន្ធផ្សព្វផ្សាយចំនួន ១០ រួមទាំងទីក្រុង Los Angeles និង San Francisco ផងដែរ។ ការិយាល័យរបស់ Bonta បាននិយាយថា Google នឹងបង់ប្រាក់ចំនួន ៩ លានដុល្លារ ហើយ iHeartMedia នឹងបង់ប្រាក់ចំនួន ៤០០,០០០ដុល្លារ ។
iHeartMedia គឺជាម្ចាស់ស្ថានីយ៍វិទ្យុធំជាងគេ នៅក្នុងប្រទេស ចំណែកស្ថានីយ៍វិទ្យុតូចៗមួយចំនួនក៏បានដំណើរការ ការផ្សាយពាណិជ្ជកម្មផងដែរ។លោក Bonta បាននិយាយ នៅក្នុង សេចក្តីថ្លែងការណ៍មួយថា Google បានព្យាយាមប្រើផ្លូវកាត់ ក្នុងការផ្សាយពាណិជ្ជកម្ម ផលិតផលរបស់ខ្លួន ហើយឥឡូវនេះ វាកំពុងបង់ថ្លៃ ។ ការស្នើសុំឲ្យ DJs ចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួន អំពីផលិតផលដែលពួក គេមិនបានប្រើ គឺជាការបំភាន់ និងការរំលោភលើច្បាប់ ការពារអ្នកប្រើប្រាស់របស់រដ្ឋ ៕