បច្ចេកវិទ្យា

អ្នកប្រើប្រាស់បណ្ដាញ Twitter ថាលោក Elon Musk គួរចុះចេញពីតំណែង ជានាយកប្រតិបត្ដិ

ញូវយ៉ក៖ អ្នក​ប្រើប្រាស់ Twitter បាន​បោះឆ្នោត​ដោយ​សំឡេង​ភាគ​ច្រើន​ នៅ​ក្នុង​ការ​ស្ទង់​មតិ​ចុង​សប្តាហ៍ ​ដែល​បង្ហាញ​ថា លោក Elon Musk គួរ​ចុះ​ចេញ​ពី​តំណែង​ ជា​នាយក​ប្រតិបត្តិ ​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមួយនេះ។

ក្នុងចំណោមការបោះឆ្នោតចំនួន ១៧,៥លានសន្លឹកនៅក្នុងការស្ទង់មតិរយៈពេល ១២ ម៉ោង របស់លោក Musk ដែលបានបិទកាលពីព្រឹកថ្ងៃចន្ទ ៥៧,៥ ភាគរយបានគាំទ្រ ការចាកចេញរបស់លោក ជាមួយនឹង ៤២,៥ ភាគរយបង្ហាញថា លោកគួរតែតំណែងនេះ។

ការផ្លាស់ប្តូរនេះបានធ្វើឡើង បន្ទាប់ពីថ្ងៃដ៏ចម្រូងចម្រាសមួយផ្សេងទៀត សម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានភាពច្របូកច្របល់ ចាប់តាំងពីលោក Musk បានទិញវានៅក្នុងខែតុលា ហើយបានបញ្ឈប់បុគ្គលិក ជាបន្តបន្ទាប់ នេះបើយោងតាមរបាយការណ៍របស់ The San Francisco Chronicle ។

នៅព្រឹកថ្ងៃអាទិត្យ Twitter បានប្រកាសថា ខ្លួននឹងហាមឃាត់អ្នកប្រើប្រាស់ មិនឲ្យដឹកនាំអ្នកតាមដាន របស់ពួកគេទៅកាន់ទំព័រ Instagram, Facebook ឬ Mastodon របស់ពួកគេ។ ប្រភពបានឲ្យដឹងថាគណនី ដែលបំពានម្តងហើយម្តងទៀត នូវច្បាប់ថ្មីនេះនឹងត្រូវបានផ្អាកជាអចិន្ត្រៃយ៍។

ការវាយប្រហារយ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ Twitter បានធ្វើតាម ហើយលោក Musk ក្រោយមកកាលពីថ្ងៃអាទិត្យ បានបង្ហោះសារសុំទោស ដោយលើកឡើងថា “ឆ្ពោះទៅមុខ នឹងមានការបោះឆ្នោត សម្រាប់ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ” ។ នៅយប់ថ្ងៃអាទិត្យ Twitter បានលុបចោលការបង្ហោះរបស់ខ្លួន និងការជូនដំណឹងគេហទំព័ររបស់ខ្លួន ដោយប្រកាសអំពីគោលការណ៍ថ្មី អំពីការភ្ជាប់ទៅកាន់វេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមគោលដៅ។

នៅពេលនោះលោក Musk ក៏បានអញ្ជើញអ្នកប្រើប្រាស់ Twitter ឱ្យបោះឆ្នោត “បាទ” ឬ “ទេ” ចំពោះសំណួរថា តើលោកគួរតែចុះចេញពីតំណែងជាប្រធាន Twitter ហើយបានសន្យាថាលោក នឹងធ្វើតាមលទ្ធផល នៃការស្ទង់មតិរយៈពេល ១២ ម៉ោង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top