បច្ចេកវិទ្យា

ByteDance របស់ចិនបានសារភាព៖ ខ្លួនពិតជាបានប្រើប្រាស់ទិន្នន័យ TikTok ដើម្បីតាមដានអ្នកកាសែតមែន

ទីក្រុងប៉េកាំង៖ក្រុមហ៊ុនបានទទួលស្គាល់ កាលពីថ្ងៃសុក្រថា បុគ្គលិករបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន ByteDance បានចូលប្រើទិន្នន័យមិនត្រឹមត្រូវ ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដើម្បីតាមដានអ្នកសារព័ត៌មាន ក្នុងគោលបំណង ដើម្បីកំណត់អត្តសញ្ញាណប្រភព នៃការលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

TikTok មានរយៈពេលយូរ ដើម្បីបញ្ចុះបញ្ចូលអតិថិជន និងរដ្ឋាភិបាលនៃទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិកថា ភាពឯកជនទិន្នន័យរបស់អ្នកប្រើប្រាស់ ត្រូវបានការពារ ហើយវាមិនបង្កការគំរាមកំហែង ដល់សន្តិសុខជាតិទេ។ ប៉ុន្តែក្រុមហ៊ុនមេ ByteDanceបានប្រាប់AFP ថា បុគ្គលិកជាច្រើនបានចូលមើលទិន្នន័យ របស់អ្នកកាសែត២នាក់ ជាផ្នែកមួយនៃការស៊ើបអង្កេតផ្ទៃក្នុងក្នុងការលេចធ្លាយព័ត៌មាន របស់ក្រុមហ៊ុនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

តាមរយៈអ៊ីម៉ែលពីអ្នកប្រឹក្សាទូទៅរបស់ ByteDance លោក Erich Andersen ឃើញដោយ AFP បាននិយាយ ពួកគេសង្ឃឹមថានឹងកំណត់អត្តសញ្ញាណ ទំនាក់ទំនងរវាងបុគ្គលិក និងអ្នករាយការណ៍ព័ត៌មាន Financial Times និងអតីតអ្នកកាសែត BuzzFeed ។ អ្នកកាសែតទាំង២ធ្លាប់រាយការណ៍ពីខ្លឹមសារនៃសម្ភារៈក្រុមហ៊ុនដែលលេចធ្លាយ។

លោក Andersen បានបន្តថា គ្មាននិយោជិតណាម្នាក់ត្រូវបានរកឃើញថា បានជាប់ពាក់ព័ន្ធនៅតែត្រូវបានជួលដោយ ByteDance នោះទេ បើទោះជាលោកមិនបានបង្ហាញពីចំនួនប៉ុន្មានត្រូវបានបណ្តេញចេញក៏ដោយ។ សេចក្តីថ្លែងការណ៍មួយទៅកាន់ AFP ក្រុមហ៊ុន ByteDance បាននិយាយថា ខ្លួនបានថ្កោលទោសគំនិតផ្តួចផ្តើមខុសឆ្គងដែលបានបំពានយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌របស់ក្រុមហ៊ុន។

បើយោងតាម Andersenថា និយោជិតបានទទួលអាសយដ្ឋាន IP របស់អ្នកសារព័ត៌មាន ក្នុងគោលបំណងកំណត់ថា តើពួកគេស្ថិតនៅទីតាំងដូចគ្នាជាមួយសហការី ByteDance ត្រូវបានគេសង្ស័យថា បានបង្ហាញពីព័ត៌មានសម្ងាត់ ការត្រួតពិនិត្យរបស់ក្រុមហ៊ុនអំពីគ្រោងការណ៍ ដែលដឹកនាំដោយក្រុមអនុលោមភាពរបស់ខ្លួន និងក្រុមហ៊ុនច្បាប់ខាងក្រៅបានរកឃើញ ៕ ដោយ៖លី ភីលីព

Most Popular

To Top