បច្ចេកវិទ្យា

Apple Japan បានទារពន្ធសងវិញទឹកប្រាក់ ១៤ពាន់លានយ៉េន ជុំវិញការលក់ដោយមិនបង់ពន្ធ

តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយកាលពីថ្ងៃអង្គារថា សាខាជប៉ុនរបស់ Apple Inc ត្រូវបានទារពន្ធបន្ថែមចំនួន ១៤ ពាន់លានយ៉េន បន្ទាប់ពីអាជ្ញាធរបានរកឃើញថា ការលក់ទូរស័ព្ទ iPhone និងរបស់របរផ្សេងៗទៀត ទៅកាន់ភ្ញៀវបរទេសមិនត្រូវបាន លើកលែងពន្ធប្រើប្រាស់មិនត្រឹមត្រូវ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពបាននិយាយថា ការិយាល័យពន្ធដារក្នុងតំបន់តូក្យូ បានរកឃើញការលក់លើកលែងពន្ធប្រមាណ ១៤០ពាន់លានយ៉េន របស់ក្រុមហ៊ុន Apple Japan ក្នុងរយៈពេល ២ ឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ ២០២១ គឺជាលទ្ធផលនៃការក្លែងបន្លំ ការទិញដោយមិនបង់ពន្ធដើម្បីលក់បន្ត សម្រាប់គោលបំណងពាណិជ្ជកម្ម។ ការដើរទិញឥវ៉ាន់ដោយមិនគិតពន្ធ ត្រូវបានអនុញ្ញាតសម្រាប់តែភ្ញៀវបរទេស ទិញវត្ថុអនុស្សាវរីយ៍ ឬទំនិញប្រចាំថ្ងៃក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីចូលប្រទេសជប៉ុន ហើយយកទៅក្រៅប្រទេស។ ទោះបីជាផលិតផលត្រូវជាប់ពន្ធ ប្រសិនបើទិញដើម្បីលក់បន្តក៏ដោយ វាអាស្រ័យលើហាងក្នុងការ កំណត់លក្ខណៈនៃការទិញ។

យោងតាមប្រភពបានឲ្យដឹងថា ការិយាល័យពន្ធដារបានចាប់ផ្តើមការ ស៊ើបអង្កេតរបស់ខ្លួនកាលពីឆ្នាំមុន បានរកឃើញប្រតិបត្តិការមិនធម្មតាជាច្រើន រួមទាំងអ្នកទេសចរទិញ ឧបករណ៍រាប់រយនៅហាង Apple ផងដែរ។ ទឹកប្រាក់ ១៤ ពាន់លានយ៉េនគ្របដណ្តប់លើ ពន្ធបន្ថែមលើការលក់ ដែលមិនបានរាយការណ៍ ត្រូវបានគេជឿថា ជាពន្ធលើការប្រើប្រាស់បន្ថែមខ្ពស់បំផុត ត្រូវបានគិតលើកំណត់ត្រា សម្រាប់ការលក់ដោយគ្មានពន្ធ។

ទំនិញមួយចំនួនដូចជា iPhone ត្រូវបានគេនិយាយថាមានតម្លៃថោក នៅប្រទេសជប៉ុនជាងនៅបរទេស។ ការិយាល័យពន្ធដារសង្ស័យថា អាជីវករកំពុងស្វែងរកទាញយក ផលប្រយោជន៍ពីប្រព័ន្ធ មិនបង់ពន្ធរបស់ប្រទេសនេះ ដោយការស្នើសុំឲ្យអ្នកទេសចរ ទៅកាន់ប្រទេសជប៉ុនទិញផលិតផល ហើយបន្ទាប់មកលក់វានៅក្រៅប្រទេស បង្វែរប្រាក់ចំណេញដោយ រំលងពន្ធលើការប្រើប្រាស់ ៕

ដោយ៖ លី ភីលីព

Most Popular

To Top