បច្ចេកវិទ្យា

Twitter លាតត្រដាងអាសយដ្ឋានអ៊ីម៉ែល ចំនួន ២៣៥ លានពីការលួច (Hack) ចូល

សេនហ្វ្រេនស៊ីស្កូ៖ អ៊ីម៉ែលផ្ទាល់ខ្លួនភ្ជាប់ទៅគណនី Twitter ចំនួន ២៣៥ លានត្រូវបាន Hack នាពេលកន្លងមកត្រូវបានលាតត្រដាង យោងទៅតាមអ្នកស្រាវជ្រាវសន្តិសុខអ៊ីស្រាអែល Alon Gal ធ្វើឲ្យមនុស្សរាប់លាននាក់ងាយរងគ្រោះក្នុងគណនីរបស់ពួកគេត្រូវបានសម្របសម្រួល ឬបង្ហាញអត្តសញ្ញាណ ប្រសិនបើពួកគេបានប្រើប្រាស់គេហទំព័រនេះដោយអនាមិកដើម្បីរិះគន់រដ្ឋាភិបាលដែលគៀបសង្កត់។

Gal ជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត Hudson Rock បានសរសេរនៃការបង្ហោះ LinkedIn ក្នុងសប្តាហ៍នេះថា ការលេចធ្លាយនេះជាអកុសលនឹងនាំឲ្យមានការលួចចូល ការបន្លំគោលដៅ និងការ doxxing ជាច្រើន។ ខណៈពាក្យសម្ងាត់គណនីមិនត្រូវបានលេចធ្លាយ អ្នកវាយប្រហារដែលមានគំនិតអាក្រក់អាចប្រើអាសយដ្ឋានអ៊ីម៉ែលដើម្បីព្យាយាមកំណត់ពាក្យសម្ងាត់របស់មនុស្សឡើងវិញ ឬទាយពួកវាថា តើពួកវាត្រូវបានប្រើជាទូទៅ ឬប្រើឡើងវិញជាមួយគណនីផ្សេងទៀត។ 

នោះជាហានិភ័យជាពិសេស ប្រសិនបើគណនីមិនត្រូវបានការពារដោយការផ្ទៀងផ្ទាត់២កត្តាដែលបន្ថែមស្រទាប់ទី២ នៃសុវត្ថិភាពទៅគណនីការពារដោយពាក្យសម្ងាត់ដោយឲ្យអ្នកប្រើប្រាស់បញ្ចូលលេខកូដបង្កើតដោយស្វ័យប្រវត្តិដើម្បីចូល។ អ្នកជំនាញនិយាយថា អ្នកដែលប្រើ Twitter ដោយអនាមិកគួរតែមានអាសយដ្ឋានអ៊ីម៉ែលសម្រាប់ Twitter មិនបង្ហាញថា ពួកគេជានរណា ហើយត្រូវបានប្រើសម្រាប់តែ Twitter ប៉ុណ្ណោះ។

ទោះបីជាការ Hack ហាក់ដូចជាបានកើតឡើងមុនពេលលោក Elon Musk ចូលកាន់កាប់ Twitter ក៏ដោយ ក៏ព័ត៌មាននៃអ៊ីម៉ែលលេចធ្លាយបានបន្ថែមការឈឺក្បាលមួយទៀតសម្រាប់មហាសេដ្ឋី ដែល២ឬ៣ ខែដំបូងក្នុងនាមជាប្រធាន Twitter មានភាពវឹកវរ។ Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសារមួយសម្រាប់ការធ្វើអត្ថាធិប្បាយលើការ Hack នេះទេ។

ដំណឹងនៃការបំពានអាចធ្វើឲ្យក្រុមហ៊ុនមានបញ្ហាជាមួយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ។ ក្រុមហ៊ុនសាន់ហ្វ្រាន់ស៊ីស្កូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយល់ព្រមជាមួយទីភ្នាក់ងារនេះកាលឆ្នាំ ២០១១ តម្រូវឲ្យវាដោះស្រាយការខកខាននៃសុវត្ថិភាពទិន្នន័យធ្ងន់ធ្ងរ។

Twitter បានបង់ប្រាក់ពិន័យចំនួន ១៥០ លានដុល្លារកាលពីខែឧសភាឆ្នាំមុន ជាច្រើនខែមុនពេលការចូលកាន់តំណែងរបស់លោក Musk សម្រាប់ការបំពានលើការយល់ព្រម។ កំណែដែលបានធ្វើបច្ចុប្បន្នភាពបានបង្កើតនីតិវិធីថ្មីតម្រូវឲ្យក្រុមហ៊ុនអនុវត្តកម្មវិធីការពារឯកជនភាពដែលប្រសើរឡើង ក៏ដូចជាការបង្កើនសុវត្ថិភាពព័ត៌មានផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top