បច្ចេកវិទ្យា

ចំនួនបុគ្គលិកបណ្តាញសង្គម Twitter ធ្លាក់ចុះ ៨០ភាគរយ បន្ទាប់ពីការកាន់កាប់របស់លោក Elon Musk

វ៉ាស៊ីនតោន៖សារព័ត៌មាន Sputnik បានដកស្រង់របាយការណ៍របស់ CNBC ដោយលើកឡើងពីកំណត់ត្រារបស់ក្រុមហ៊ុន ផ្ទៃក្នុងបានប្រាប់ឲ្យដឹងថា ចំនួនបុគ្គលិកនៅ បណ្តាញសង្គម Twitter បានថយចុះប្រហែល ៨០ ភាគរយចាប់តាំងពីការទិញ ភាគហ៊ុនរបស់សហគ្រិនអាមេរិកលោក Elon Musk មក យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។


CNBC បាននិយាយកាលពីម្សិលមិញថា មុនពេលលោក Musk បានបញ្ចប់ការទិញ Twitter ចំនួន ៤៤ ពាន់លានដុល្លារនៅចុងខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង San Francisco មានបុគ្គលិកប្រហែល ៧៥០០នាក់ ប៉ុន្តែចំនួននោះបានធ្លាក់ចុះដល់បុគ្គលិកសកម្មប្រហែល ១៣០០ នាក់តែប៉ុណ្ណោះ។


ឥឡូវនេះ Twitter មានវិស្វករពេញម៉ោងតិចជាង ៥៥០ នាក់ ហើយក្រុមសុវត្ថិភាព និងទំនុកចិត្តរួមមានបុគ្គលិក ពេញម៉ោងតិចជាង ២០ នាក់។CNBC បានបញ្ជាក់ថា ក្រុមហ៊ុននេះក៏មានបុគ្គលិកមិនធ្វើការប្រហែល ១៤០០ នាក់ នៅតែទទួលបានប្រាក់ខែ។ លើសពីនេះទៀត បុគ្គលិកប្រហែល ៧៥ នាក់ក្នុងចំណោមបុគ្គលិក ១៣០០នាក់របស់ក្រុមហ៊ុន កំពុងឈប់សម្រាក រួមទាំងវិស្វករ ៤០ នាក់ ។


លោក Musk បានផ្លាស់ប្តូរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រួមទាំងការបញ្ចប់នាយកប្រតិបត្តិ Twitter ទទួលខុសត្រូវ ចំពោះភាពឯកជន សុវត្ថិភាពតាមអ៊ីនធើណេត និងការត្រួតពិនិត្យរបស់វេទិកា។


កាលពីខែធ្នូ កាសែត New York Times បានរាយការណ៍ថា Twitter បានឈប់បង់ថ្លៃជួលបន្ទប់ការិយាល័យជាច្រើនសប្តាហ៍ ដើម្បីកាត់បន្ថយការចំណាយ៕

ដោយ៖លី ភីលីព

Most Popular

To Top