បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក ផ្តល់យន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងឱ្យអ៊ុយក្រែន ក្នុងតម្លៃត្រឹមតែ ១ ដុល្លារ

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក General Atomics បានផ្តល់ជូនអ៊ុយក្រែននូវយន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏មានកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសផងដែរ ប្រសិនបើត្រូវបានអនុម័ត នឹងមកជាមួយ​តម្លៃដឹកជញ្ជូនដ៏សំខាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សំណើនេះនឹងតម្រូវឱ្យអ៊ុយក្រែន​ចំណាយប្រាក់ចំនួន ១០ លានដុល្លារដើម្បីរៀបចំ និងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកពីសហរដ្ឋអាមេរិក ខណៈដែលការចំណាយលើការថែទាំនឹងកើនឡើងដល់ប្រហែល ៨ លានដុល្លារជារៀងរាល់ឆ្នាំ។ បន្ថែមពីលើយន្តហោះគ្មានមនុស្សបើក MQ-9A Block 1 ចាស់ចំនួន២គ្រឿង កញ្ចប់នឹងរួមបញ្ចូលស្ថានីយត្រួត​ពិនិត្យចល័ត ដើម្បីដំណើរការ UAVs “ស្ទើរតែគ្រប់ទីកន្លែង” នេះបើយោងតាមលិខិតដែលឃើញដោយ WSJ ។

អគ្គនាយក Atomics លោក Linden Blue បានផ្តល់គំនិតនេះ ទៅកាន់អនុព័ន្ធយោធាអ៊ុយក្រែន កាលពីខែមុន។ ខណៈពេលដែលទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន ទាំងពីរបានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំណែក អ្នកនាំពាក្យក្រុមហ៊ុនគឺលោក C. Mark Brinkley បានប្រាប់កាសែត Journal ថា ការពិភាក្សារវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមហ៊ុនបានដំណើរការអស់រយៈពេល “ជាច្រើនខែ” ។

សូមជម្រាបថា ខណៈពេលដែលសហរដ្ឋអាមេរិកបានបំពាក់អាវុធដល់អ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើក Switchblade ជាង ៧០០ គ្រឿង និង យន្តហោះគ្មានមនុស្សបើក Phoenix Ghost kamikaze ១ ៨០០គ្រឿង ដែលមានសមត្ថភាពបំផ្ទុះគោលដៅ ក៏ដូចជា UAVs ឈ្លបយកការណ៍មួយក្តាប់តូច ទីក្រុងវ៉ាស៊ីនតោននៅ​តែបន្តទទូចថា​ជំនួយរបស់ខ្លួនភាគច្រើនជាការការពារ៕

Most Popular

To Top