អាមេរិក៖ មន្ត្រីការពារជាតិបាននិយាយថា ពួកគេមានទំនុកចិត្តថា បាឡុងឃ្លាំមើលរយៈកម្ពស់ខ្ពស់ជារបស់ប្រទេសចិនហើយ ព្រោះវាត្រូវបានគេឃើញថ្មីៗបំផុតនៅខាងលិចរដ្ឋម៉ុនតាណា ប៉ុន្តែមេដឹកនាំយោធាបានសម្រេចចិត្តមិនបាញ់ទម្លាក់វាឡើយ ព្រោះមានការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការធ្លាក់កម្ទេចកម្ទី យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។
ប្រទេសកាណាដាបាននិយាយនៅថ្ងៃសុក្រថា ខ្លួនកំពុងតាមដានឧប្បត្តិហេតុទី២អាចកើតមានពាក់ព័ន្ធនឹងបាឡុងឃ្លាំមើល ប៉ុន្តែមិនបាននិយាយថាប្រទេសណាអាចនៅពីក្រោយវាបាន។ ប្រទេសនេះបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បី ការពារព័ត៌មានរសើបរបស់កាណាដាពីការគំរាមកំហែងចារកម្មបរទេស។
ក្រុមមន្ត្រីបានបន្តថា វត្ថុនោះបានហោះពីលើកោះ Aleutian នៃរដ្ឋអាឡាស្កា និងកាត់តាមប្រទេសកាណាដា មុនពេលបង្ហាញខ្លួននៅលើទីក្រុង Billings ក្នុងរដ្ឋ Montana កាលពីថ្ងៃពុធ។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋាភិបាលបានរៀបចំយន្តហោះចម្បាំង រួមទាំងយន្តហោះ F-22 ក្នុងករណីដែលសេតវិមានបានបញ្ជាឲ្យបាញ់ទម្លាក់វត្ថុនោះ។
មេដឹកនាំយោធាកំពូល រួមទាំងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីវាយតម្លៃការគំរាមកំហែងនេះ។ លោក Austin កំពុងធ្វើដំណើរនៅប្រទេសហ្វីលីពីននៅពេលនោះ៕