រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម VinFast ត្រូវបានដឹកទៅដល់អាមេរិកបានមួយរយៈហើយ ប៉ុន្តែមិនទាន់បានប្រគល់ឱ្យអតិថិជនរបស់ខ្លួននៅក្នុងប្រទេសនេះនៅឡើយទេ។
ក្រុមហ៊ុន VinFast បញ្ជាក់នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ខ្លួនបានពន្យារពេលប្រគល់រថយន្តឱ្យអតិថិជនដែលបានកម្មង់ទិញ ដោយសារតែមិនទាន់បានបញ្ចប់ការអាប់ដេត Software។ ដូច្នេះ ការផ្តល់ឱ្យអតិថិជន ត្រូវពន្យារពេលទៅដល់ពាក់កណ្តាលខែកុម្ភៈខាងមុខនេះ សម្រាប់រថយន្តម៉ូឌែល VF8។
គួរដឹងថា ក្រុមហ៊ុនវៀតណាមនេះ បានបោះជំហានកាន់តែធំចូលប្រឡូកក្នុងទីផ្សារអាមេរិក សំដៅប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តយក្ស Tesla។ សប្តាហ៍មុន VinFast បានប្រកាសលក់បញ្ចុះតម្លៃរថយន្ត ដើម្បីការពារទីផ្សាររបស់ខ្លួន នៅអាមេរិកនេះ បន្ទាប់ពី Tesla បានធ្វើប្រូមូសិននេះរួចមកហើយ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២កន្លងទៅ VinFast បានទទួលការបញ្ជាទិញរថយន្តសរុប ៥ម៉ឺន ៥ពាន់គ្រឿង ក្នុងនោះ ១ម៉ឺ២ពាន់គ្រឿង គឺនៅទីផ្សារអាមេរិក។ ទន្ទឹមនឹងនេះ VinFast បានបញ្ជូនឱ្យអតិថិជនក្នុងស្រុកនៅប្រទេសវៀតណាម ជាង ៤ពាន់គ្រឿងរួចមកហើយ ក្នុងនោះជាងពាក់កណ្តាលជារថយន្ត VF8៕
