បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់អាមេរិក Google កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសបង្ហាញវត្តមាន នៃបច្ចេកវិទ្យា AI ថ្មីមួយទៀតប្រើប្រាស់ សម្រាប់ការសន្ទនាស្រដៀងទៅនឹងកម្មវិធីសន្ទនា ChatGPT ដែរដើម្បីប្រកួតប្រជែងទីផ្សារអ៊ិនធឺណេត ពីអ្នកប្រើប្រាស់។
បច្ចេកវិទ្យា AI ថ្មីសម្រាប់ការសន្ទនានេះត្រូវបាន Google ដាក់ឈ្មោះថា Bard ត្រូវបានប្រកាសឡើងជាផ្លូវការ ដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Google គឺលោក Sundar Pichai និងបញ្ជាក់ថាក្នុងគោលបំណង ដើម្បីជួយពង្រីក និងបង្កើនសេវាកម្មស្រាវជ្រាវ ឲ្យកាន់តែប្រសើរឡើងជូនអ្នកប្រើប្រាស់។
លោក Pichai បានសរសេរបង្ហោះនៅលើប្លុករបស់ខ្លួនថា៖ Bard គឺជាការបញ្ចូលគ្នា រវាងបច្ចេកវិទ្យាស្រាវជ្រាវដ៏ទំនើបចុងក្រោយ ជាមួយនឹងឯកសារនិងចំណេះដឹងរបស់សកល ព្រមទាំងភាពវ៉ៃឆ្លាតនិងភាពច្នៃប្រឌិត តាមរយៈភាសាដ៏ចម្រុះ និងប្រកបដោយការឆ្លើយតប ដែលមានគុណភាពបំផុត។
គួរឲ្យដឹងដែរថា Bard នឹងមានរួមបញ្ជូនបច្ចេកវិទ្យាវ៉ៃឆ្លាត ផ្នែកភាសារបស់មុខងារ LaMDA របស់ Google ដែលធ្លាប់បានបង្ហាញជាសាធារណៈ កាលពី២ឆ្នាំកន្លងមកនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី