បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Twitter លោក Elon Musk បានសំដៅ ចំពោះរបាយការណ៍ UFO កាលពីថ្ងៃអាទិត្យថា ជា “មិត្ត” ជនបរទេសរបស់លោក មកលេងផែនដី ។ វត្ថុមិនស្គាល់អត្តសញ្ញាណជាបន្តបន្ទាប់ ត្រូវបានគេប្រទះឃើញ ជុំវិញពិភពលោក ចាប់តាំងពីអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន និងវត្ថុពីរផ្សេងទៀត ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មហាសេដ្ឋីរូបនេះ បានសរសេរថា “កុំបារម្ភ” “គ្រាន់តែជាមិត្តភ័ក្តិ ជនបរទេសរបស់ខ្ញុំមួយចំនួន ដែលមកលេងរយៈពេលខ្លីតែប៉ុណ្ណោះ…”។
កាលពីនៅព្រឹកថ្ងៃអាទិត្យ ទីបញ្ជាការការពារដែន អាកាសអាមេរិកខាងជើង (NORAD) បានបិទផ្នែកមួយ នៃដែនអាកាសពីលើ Lake Michigan។ ការរឹតបន្តឹងនេះបានកើតឡើង តិចជាងមួយថ្ងៃបន្ទាប់ពី NORAD បានបិទដែនអាកាសលើភាគកណ្តាល រដ្ឋ ម៉ុនតាណា ជាការឆ្លើយតបទៅនឹង “ភាពមិនប្រក្រតីនៃរ៉ាដា” ។
ជាងនេះទៅទៀត នៅភាគខាងជើង កាលពីថ្ងៃសៅរ៍ យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់យន្តហោះមិនស្គាល់អត្តសញ្ញាណ និងគ្មានមនុស្សបើក នៅលើដែនអាកាស ប្រទេសកាណាដា ។ វត្ថុស្រដៀងគ្នាមួយត្រូវបានបាញ់ ទម្លាក់ពីលើរដ្ឋអាឡាស្កា កាលពីថ្ងៃសុក្រ ខណៈដែលបាឡុងរបស់ចិន ត្រូវបានទម្លាក់នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ មន្ត្រីអាមេរិក បានសំដៅទៅលើវត្ថុចុងក្រោយថា ជា “បាឡុងឃ្លាំមើល” របស់ចិន ខណៈដែលទីក្រុងប៉េកាំងបានទទូចថា វាជា “យានស៊ីវិល” ៕