រថយន្តរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលនាំយកទៅកាន់ទីផ្សារអាមេរិកនោះ ទំនងជាលក់មិនដាច់ឡើយ ដោយមកទល់ពេលនេះ VinFast មិនទាន់បានប្រគល់ រថយន្តឱ្យអតិថិជនខ្លួនណាម្នាក់ នៅអាមេរិកនៅឡើយទេ ក្រោមលេសថា កំពុងធ្វើការអាប់ដេត Software។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook ។

ក្រុមហ៊ុន VinFast បានប៉ុនប៉ងបញ្ជ្រាប រថយន្តខ្លួនចូលក្នុងទីផ្សារសាកល ដោយចាប់ផ្តើមចេញពីទីផ្សារអាមេរិកទៅមុន។ កាលពីប៉ុន្មានខែមុន រថយន្តចំនួន ៩៩៩គ្រឿងរបស់ក្រុមហ៊ុន វៀតណាមនេះ ត្រូវដឹកជញ្ជូនទៅអាមេរិក ប៉ុន្តែមកដល់ពេលនេះ មានរថយន្តជាច្រើនរយគ្រឿង នៅទើត្រឹមកំពង់ផែអាមេរិកនៅឡើយ ។

សារព័ត៌មានថៃនេះ បានលើកឡើងថា ការនាំចូលរថយន្តវៀតណាម VinFast VF8 ទៅក្នុងទីផ្សារអាមេរិក ក្នុងអំឡុងពេលនេះ គឺមិនមែនជាពេលវេលាល្អឡើយ ព្រោះថា Tesla កំពុងលក់បញ្ចុះថ្លៃរថយន្តអគ្គិសនីរបស់ខ្លួន ដូចជា Model Y និង Model 3 ពោលគឺមានតម្លៃប្រហាក់ប្រហែល ឬទាបជាង រថយន្តអគ្គិសនីវៀតណាម នេះទៅទៀត។

ជាមួយគ្នានេះ អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់លើ រថយន្តវៀតណាមនៅឡើយទេ ទាំងគុណភាព ចម្ងាយបើកបរ និងសេវាកម្មក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែលអាចលូកចូលទីផ្សារ អាមេរិកងាយស្រួលឡើយ៕
