BUCHAREST៖ ព្រះរាជអាជ្ញាបានប្រាប់ឲ្យដឹងថា បណ្តាញគ្រូពេទ្យរ៉ូម៉ានី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ថា ពួកគេបានប្រើការផ្សាំបេះដូងឡើងវិញសម្រាប់អ្នកជំងឺដែលនៅរស់ បន្ទាប់ពីពួកគេយកចេញបេះដូងរបស់សាកសពយោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។
សេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាបាននិយាយថា វេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតត្រូវបានចាប់ខ្លួនរយៈពេល ៣០ ថ្ងៃកាលពីម្សិលមិញ។ សាលាក្តី Bucharest បានបញ្ជាឲ្យចាប់ខ្លួនគ្រូពេទ្យឯកទេសជំងឺបេះដូង លោក Dan Tesloianu ធ្វើការក្នុងមន្ទីរពេទ្យពីទីក្រុង Iasi ភាគខាងកើតពីបទបំពានលើការិយាល័យ និងការស៊ីសំណូក។
ព្រះរាជអាជ្ញាបាននិយាយថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ លោកបានផ្សាំឧបករណ៍វេជ្ជសាស្ត្រចំនួន ២៣៨ “មិនស្គាល់ប្រភពដើម” ពេលខ្លះបានយកចេញពីអ្នកជំងឺដែលបានស្លាប់ ហើយបានប្រើប្រាស់ឡើងវិញដោយខុសច្បាប់ ដែលធ្វើឲ្យមានហានិភ័យដល់អាយុជីវិត។ លោក Tesloianu ត្រូវបានគេសង្ស័យថា កំពុងមើលការខុសត្រូវលើបណ្តាញ រួមមានវេជ្ជបណ្ឌិតយ៉ាងហោចណាស់៤នាក់ផ្សេងទៀតកំពុងផ្តល់ឲ្យលោកនូវឧបករណ៍ដោយគ្មានការយល់ព្រមពីអ្នកជំងឺ ឬក្រុមគ្រួសាររបស់ពួកគេជាមុន។
សេចក្តីថ្លែងការណ៍បានចេញផ្សាយបានបន្ថែមថា ផ្នែកធំនៃអន្តរាគមន៍សម្រាប់ការផ្សាំឧបករណ៍បេះដូងគឺមិនចាំបាច់ទេ ហើយត្រូវបានបង្កឡើងដោយការធ្វើរោគវិនិច្ឆ័យប្រឌិត ឬថ្នាំដែលនឹងបង្កឲ្យមានរោគសញ្ញាជាក់លាក់។ ប៉ូលីសរ៉ូម៉ានីបានប្រកាសពីការស្វែងរកចំនួន ២៤ នាក់ក្នុងស្រុកចំនួន៣លើករណី ពាក់ព័ន្ធនឹងគ្រូពេទ្យបានធ្វើអន្តរាគមន៍វះកាត់ដោយការរំលោភលើនីតិវិធី និងច្បាប់សម្រាប់ការប្រើការបញ្ចូលបេះដូង។ ជាលទ្ធផល មនុស្ស៩នាក់ត្រូវបាននាំចូលសវនាការ។
រូម៉ានីបានចូលរួមជាមួយសហភាពអឺរ៉ុបកាលឆ្នាំ ២០០៧ បានឃើញប្រព័ន្ធថែទាំសុខភាពសាធារណៈរបស់ខ្លួនបានញាំញីដោយរឿងអាស្រូវពុករលួយជាច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយនៅតែចំណាយប្រាក់តិចបំផុតលើការថែទាំសុខភាពនៃប្រទេសសហភាពអឺរ៉ុបទាំងអស់៕