ភ្លាមៗបន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីសេវាបង់ប្រចាំខែសម្រាប់គណនី Facebook និង Instagram ដែលហៅថា Meta Verified នោះ លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter បាននិយាយដូចមានប្រផ្នូលដឹងមុនថា វាជារឿងដែលចៀសមិនរួចនោះទេ សម្រាប់ក្រុមហ៊ុន Meta ពោលគឺនឹងដើរតាមគន្លងផ្លូវដូច Twitter របស់លោកផងដែរ។

មហាសេដ្ឋី Elon Musk បាននិយាយថា វាគឺចៀសមិនរួចនោះទេ ដែល Meta នឹងធ្វើតាម Twitter ចំពោះការគិតថ្លៃសេវាប្រចាំខែពីអ្នកប្រើប្រាស់ ដើម្បីបានទទួលការបញ្ជាក់គណនីផ្លូវការ ឬ Verified Account។
សូមជម្រាបថា មេក្រុមហ៊ុន Meta បានប្រកាសពីគម្រោងបង់ថ្លៃនេះ ដោយតម្រូវឱ្យអ្នកប្រើប្រាស់ បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ នៅពេលទទួលបានសញ្ញាធីកពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram នឹងទទួលបានសុវត្ថិភាពជាងមុន ព្រមទាំងការការពារបន្ថែមពីការបន្លំគណនី ឬ Fake Account ពីជនទុច្ចរិតផងដែរ ហើយជាពិសេសទៀតនោះ គឺរាល់ពេលបង្ហោះអ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែច្រើនជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹងទទួលបាន Recommendation និង search ឆាប់រកឃើញជាដើម។
ផែនការនេះ បន្ទាប់ពីលោក Elon Musk កាលពីខែធ្នូ បានសម្រេចគិតថ្លៃ ៨ដុល្លារក្នុង១ខែ ឬ ៨៤ដុល្លារក្នុង១ឆ្នាំ ពីអ្នកប្រើប្រាស់ Twitter នៅលើ web និងថ្លៃជាងនេះនៅលើ iOS និង Android ដើម្បីទទួលបានសញ្ញាធីកពណ៌ខៀវគណនី ឬ Verified Account ដែលទទួលបានអត្ថប្រយោជន៍ស្រដៀងនឹង Facebook ខាងលើនេះដែរ៕
