ស្ត្រីអាមេរិកាំងឈ្មោះ Karen Green បានលក់ iPhone ជំនាន់ទី១ ដែលផលិតនៅឆ្នាំ២០០៧ បានតម្លៃ ៦៣ ០០០ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News។
ទូរស័ព្ទដៃនេះស្ថិតក្នុងប្រអប់ប្លាស្ទិក ដោយមិនទាន់បកនៅឡើយ។ ការដេញថ្លៃនេះធ្វើឡើងដំបូងតាំងពីឆ្នាំ២០១៩ ហើយក្រោយពីដេញអស់ ២៥ជុំ ទូរស័ព្ទស៊េរីចាស់នៅប្រអប់ហ្ស៊ីនមួយនេះលក់បាន ៦៣ ០០០ដុល្លារ។
អ្នកនាង Green ទទួលបានទូរស័ព្ទនេះនៅពេលដែលនាងទទួលបានការងារថ្មីកាលពីជំនាន់នោះ តែពេលនោះនាងមានទូរស័ព្ទមួយស្រេចហើយ ក៏សម្រេចមិនហែក iPhone យកមកប្រើ។ នៅពេលនោះ iPhone ប្រភេទនេះលក់លើទីផ្សារតម្លៃប្រមាណ ៤៩៩ ទៅ ៥៩៩ដុល្លារអាមេរិក។
តាមពិតទៅនេះមិនមែនជាលើកទី១ទេ ដែលទូរស័ព្ទ iPhone ស៊េរីចាស់លក់បានរាប់ម៉ឺនដុល្លារនោះ។ កាលពីខែតុលាឆ្នាំមុន iPhone ជំនាន់ទី ១ ត្រូវបានលក់តាមរយៈការដេញថ្លៃតាមក្រុមហ៊ុន LLC បានតម្លៃជិត ៤ម៉ឺនដុល្លារ៕ Source: Sabay