អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ចេញ Concept រថយន្តអគ្គិសនីតម្លៃធូរថ្លៃរបស់ខ្លួន ២៥ ០០០ដុល្លារ ប៉ុន្តែប្រហែលជាត្រូវបានគូប្រជែងដ៏ធំមួយគឺក្រុមហ៊ុន Volkswagen នាំមុខមុនទៅហើយ។

ថ្មីៗនេះ ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ក៏បានបញ្ចេញគម្រូរថយន្តធូរថ្លៃរបស់ខ្លួនផងដែរ គឺម៉ូឌែល ID. 2All ដែលជារថយន្តអគ្គិសនីប្រភេទ Hatchback មានតម្លៃប្រហែល ២៦ ០០០ដុល្លារ ឬធូរថ្លៃជាងនេះទៀតផង គ្រោងនឹងផលិតនៅឆ្នាំ២០២៦។ រថយន្តនេះ អាចធ្វើដំណើរបានចម្ងាយ ៤៥០គីឡូម៉ែត្រពេលសាកពេញម្តង និងមានកម្លាំង ២២៣សេះ។

បើប្រៀបធៀបនឹងបច្ចុប្បន្ន រថយន្តមួយដែលមានតម្លៃ ២ម៉ឺន ៥ពាន់ ឬ ២ម៉ឺន ៦ពាន់បែបនេះ គឺជាចំណុចដ៏ទាក់ទាញបំផុតក្នុងទីផ្សាររថយន្តអគ្គិសនី។ បើយោងតាម Kelley Blue Book បង្ហាញថា រថយន្តអគ្គិសនីថ្មីៗដែលបានលក់ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គឺមានតម្លៃជាមធ្យមជាង ៥ម៉ឺន ៨ពាន់ដុល្លារ ក្នុងនោះរថយន្ត Model 3 ដែលជារថយន្តធូរថ្លៃជាងគេរបស់ Tesla ក៏មានតម្លៃ ជិត ៤ម៉ឺន ៣ពាន់ដុល្លារដែរ៕

