បច្ចេកវិទ្យា

CEO របស់ Ford ​ថា​ទីផ្សាររថយន្ត ប្រែប្រួលអស់ហើយ ជាពិសេស​រថយន្តអគ្គិសនី​ នៅ​ប្រទេសចិន

ក្រុមហ៊ុន​រថយន្ត​ចិន ​បាន​នឹង​កំពុងគំរាម​កំហែង​រថយន្ត​បរទេស​ ជាពិសេស​របស់​រថយន្ត​របស់​ក្រុមហ៊ុនអាមេរិកដូចជា Ford និង GM ជាដើម ក្នុងទីផ្សារ​ប្រទេសចិន ដែល​កំពុងនាំមុខ​ខ្លាំង​ដោយ​រថយន្ត​អគ្គិសនី។

នាយក​ប្រតិបត្តិ​របស់​ Ford លោក Jim Farley បាន​ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌មួយ​នៅទីក្រុង Detroit កាលពីពេល ថ្មីៗនេះថា ទីផ្សារ​រថយន្ត​បានប្រែប្រួលអស់ហើយ។ Ford នឹង​គិត​គូរឡើងវិញ​ចំពោះ​ប្រេនខ្លួន​នូវយុទ្ធសាស្រ្តថ្មី​សម្រាប់​ទីផ្សារ​នៅក្នុងប្រទេសចិន នោះគឺ​ជារថយន្តអគ្គិសនី​យ៉ាងពិតប្រាកដ។

លោក Jim Farley ដែល​ទើប​ត្រឡប់មកពី​ប្រទេសចិន បាន​កត់សម្គាល់​ថា ប្រេន​រថយន្ត​ដែល​ទទួលជោគជ័យ​នៅទីផ្សារ​ចិន គឺសុទ្ធតែ​ជាប្រេន​រថយន្ត​អគ្គិសនី ដែលផ្តោតទៅលើ​បច្ចេកវិទ្យា ក្នុងនោះរួមមានក្រុមហ៊ុន Xpen, Nio, និង Li Auto ជាដើម។ ជារួម គឺលោកបានកោតសរសើរ​ចំពោះ​បច្ចេកវិទ្យា​ និងសេវាកម្ម ព្រមទាំងរូបរាងដ៏ស្រស់ស្អាតរបស់​រថយន្ត​ចិន។

គួរដឹងថា ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនីរបស់ចិន នៅក្នុងទីផ្សារចិន បានកើនឡើង​ ១៧% ក្នុងឆ្នាំ​២០២២។ ​ឯ​ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុនបរទេស បានធ្លាក់ចុះ ១១% ក្នុងទីផ្សារប្រទេសនេះ។ ក្នុងនោះ​ក៏ដោយសារតែ​ក្រុមហ៊ុន​ចិន​អាចផលិត​រថយន្ត​កាន់តែល្អ និងតម្លៃធូរថ្លៃ ជាពិសេស​រថយន្តអគ្គិសនី ដែល​អតិថិជន​មានលទ្ធភាព​អាចទិញ​បាន៕

Most Popular

To Top