Audi កំពុងរៀបចំអភិវឌ្ឍរថយន្តស៊ីដេនថ្មីរបស់ខ្លួន ដែលជាប្រភេទរថយន្តអគ្គិសនី គឺ Audi A8 ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារនាឆ្នាំក្រោយ។ រថយន្តនេះ កំពុងតែត្រូវបានធ្វើបដិវត្តរូបរាង អាគុយធំ ជាពិសេសគឺនឹងបំពាក់ម៉ាស៊ីនដ៏ខ្លាំង ជាងរថយន្ត Audi ណាៗទាំងអស់។

Audi A8 បំពាក់អាគុយដល់ទំហំ 120គីឡូវាត់ម៉ោងឯណោះ ដែលអាចធ្វើដំណើរបានដល់ ៧៥០គីឡូម៉ែត្រ រាល់ពេលសាកពេញម្តង។ បន្ថែមលើសនេះ វាក៏មានសមត្ថភាពសាកថ្មបានលឿនផងដែរ ជាមួយកម្លាំងសាក ៨០០វ៉ុល។
វាជារថយន្ត Audi A8 ជំនាន់ទី៥ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង Premium Platform Electric ដែលធ្វើឡើងរួមគ្នាដោយ Audi និង Porsche។ គ្រោងឆ្អឹងនេះ នឹងជួយឱ្យវាក្លាយជារថយន្តស៊ីដេនដ៏ធំផងដែរ ដូចជា កម្ពស់ពីបាតមកដី គម្លាតពីកង់មុខទៅកង់ក្រោយ និងប្រព័ន្ធដំណើរការប៉ុងរថយន្ត។

មកដល់ពេលនេះ មានតែ Audi RS e-tron GT ដែលជារថយន្តមានកម្លាំងម៉ាស៊ីនខ្លាំងបំផុតរបស់ក្រុមហ៊ុននេះ ជាមួយកម្លាំង ៦៣៧សេះ ប៉ុន្តែសម្រាប់ Audi A8 វិញ អាចនឹងខ្លាំងលើសនេះទៀត ពោលគឺវានឹងបំពាក់ម៉ូទ័រអគ្គិសនី២ ដែលផលិតបានកម្លាំងសរុប ៧១០សេះឯណោះ៕
