ប្រទេសថៃ មានមហិច្ឆតាក្នុងការក្លាយ ជាមជ្ឈមណ្ឌលផលិតអាគុយ រថយន្តអគ្គិសនីដ៏ធំបំផុត នៅក្នុងតំបន់អាស៊ាន ដោយប្រទេសមួយនេះ កំពុងអូសទាញក្រុមហ៊ុនផលិតអាគុយធំៗ ឱ្យចូលមកវិនិយោគ ក្នុងប្រទេសរបស់ខ្លួន ។
តាមការបញ្ជាក់របស់លោក Narit Therdsteerasukdi អគ្គលេខាធិការ នៃក្រុមប្រឹក្សាវិនិយោគថៃ ឱ្យដឹងថា ភាគីថៃកំពុងចរចាជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុនបង្កើតរោងចក្រក្នុងប្រទេស ។ មិនត្រឹមតែប៉ុណ្ណឹងទេ ថៃក៏កំពុងទាក់ទាញក្រុមហ៊ុនដទៃទៀតផងដែរ ។
គួរដឹងថា ក្រុមហ៊ុន CATL បានគ្របដណ្តប់ការផ្គត់ផ្គង់អាគុយ សម្រាប់រថយន្តអគ្គិសនី ដោយមានចំណែកទីផ្សារ ៣៧%។ បច្ចុប្បន្នក្រុមហ៊ុនចិនមួយនេះ ពុំមានរោងចក្រនៅក្នុងតំបន់អាស៊ាននោះទេ។
ប្រទេសអាស៊ានមួយនេះ បានលើកទឹកចិត្តក្រុមហ៊ុនផលិត អាគុយបរទេស តាមរយៈការបន្ធូរបន្ថយពន្ធ និងការឧបត្ថម្ភធន ដើម្បីឆ្ពោះទៅការផលិត និងប្រើប្រាស់រថយន្តអគ្គិសនី។ ក្នុងនោះគឺបានទទួលផលរួចមកហើយ តាមរយៈការដាក់រោងចក្ររបស់ក្រុមហ៊ុន BYD និង Great Wall Motors។
ជាមួយគ្នានេះ ថៃ បានផ្តល់អាទិភាពក្នុងការគាំទ្រការវិនិយោគ ពោលគឺជាមូលធិនិ សម្រាប់រោងចក្រដែលមានសមត្ថភាពផលិតអាគុយ បានជាង ៨ជីហ្គាវ៉ាត់ម៉ោង។ ទំហំរោងចក្រប៉ុណ្ណេះ អាចទ្រទ្រង់អាគុយបំពាក់លើរថយន្តអគ្គិសនីបានជាង ១០ម៉ឺន ៦ពាន់គ្រឿង (ក្នុងករណីអាគុយមួយមានទំហំ ៧៥គីឡូវ៉ាត់ម៉ោង)៕