បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា លោក Elon Musk បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា គាត់បានរក ឃើញនាយកប្រតិបត្តិថ្មីដើម្បីគ្រប់គ្រងបណ្តាញសង្គម Twitter ដោយមិនបញ្ចេញ ឈ្មោះហើយបានលើកឡើងថា គាត់នឹងផ្លាស់ប្តូរទៅតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យានៃវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
លោក Musk បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter ថា” រំភើបណាស់ដែលបានប្រកាសថា ខ្ញុំបានជួល CEO ថ្មីសម្រាប់ X/Twitter ។ នាងនឹងចាប់ផ្តើមការងារក្នុងរយៈពេល៦សប្តាហ៍ទៀត!” ។
គួររំលឹកថា កាលពីមុន Musk មិនបានបញ្ចេញឈ្មោះបេក្ខជនអនាគតណាមួយឡើយ ហើយវាមិនច្បាស់ថា អ្នកណាជាអ្នកស្នងតំណែងរបស់គាត់ទេ បើទោះបីជាមានការរំពឹងទុកយ៉ាងច្រើននៅក្នុង ចំណោមអ្នកបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ និងនៅលើ Blind ដែលជាកម្មវិធីផ្ញើសារអនាមិក សម្រាប់បុគ្គលិកបច្ចេកវិទ្យាក៏ដោយ ។
លោកស្រី Linda Yaccarino នាយកប្រតិបត្តិផ្នែកលក់ការផ្សាយពាណិជ្ជកម្មកំពូលនៅ NBCUniversal របស់ Comcast អាចជាជម្រើសរបស់លោក Musk ដើម្បីដឹកនាំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ។ នេះបើយោងតាមនាយកប្រតិបត្តិ Silicon Valley និងជាអតីតនាយកប្រតិបត្តិហូលីវូដដែល បានលើកឡើងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីការរំពឹងទុកនេះ ។
លោកស្រី Yaccarino ដែលជាអ្នកដឹកនាំឧស្សាហកម្មផ្សាយពាណិជ្ជកម្មដ៏គួរឱ្យគោរពមួយរូបបានសម្ភាសជាមួយលោក Musk នៅក្នុងសន្និសីទផ្សាយពាណិជ្ជកម្មនៅទីក្រុង Miami កាលពីខែមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា