នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបង្ហោះសារនៅលើបណ្តាញបណ្តាញទ្វីតធើរបស់លោកនាថ្ងៃទី១៨ ខែឧសភានេះ ពាក់ព័ន្ធនឹងការបើកហាងអនឡាញ Apple ផ្ទាល់នៅប្រទេសវៀតណាម។
លោកបានសរសេរថា «ថ្ងៃនេះ ហាងអនឡាញ Apple ត្រូវបានបើកជាផ្លូវការហើយនៅក្នុងប្រទេសវៀតណាម។ យើងមានការរំភើបចិត្តក្នុងការនាំយកនូវអ្វីដែលល្អបំផុតរបស់ Apple ទៅកាន់អតិថិជនកាន់តែច្រើនឡើងនៅជុំវិញពិភពលោក។»

គួរកត់សម្គាល់ដែរថា នេះពុំមែនជាលើកទីមួយនោះទេ ដែលលោក Tim Cook លើកឡើងពីទីផ្សារវៀតណាម។ ក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំមុន លោកបាននិយាយដែរថា ប្រាក់ចំណូលរបស់ Apple ត្រូវបានកើនឡើងនៅទីផ្សារប្រទេសសេដ្ឋកិច្ចរីកចម្រើនថ្មីៗដូចជា ប្រេស៊ីល ឥណ្ឌូណេស៊ី និងវៀតណាម ពោលគឺសុទ្ធតែជាទីផ្សារដែលមានសក្តានុពលរបស់ខ្លួន។
សូមបញ្ជាក់ថា ជាមួយនឹងការបើកសម្ពោធហាងអនឡាញនេះ គឺអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម អាចទិញផលិតផលដោយផ្ទាល់ពី Apple ដោយមិនចាំបាច់ត្រូវធ្វើឡើងតាមរយៈភ្នាក់ងារណាមួយនោះទេ។ ពួកគេអាចកម្មង់ និងជ្រើសរើសផលិតផល Apple តាមចិត្តចង់ដូចជា ខ្សែនាឡិកាឆ្លាតវៃ ឈុតកុំព្យូទ័រ Mac និងការដាក់ឈ្មោះនៅលើ iPad, AirTag និង AirPod ជាដើម៕
