បច្ចេកវិទ្យា

ឈប់រអ៊ូរ និងត្អូញត្អែរ មកគ្រប់គ្រងតាមដានការប្រើប្រាស់ទិន្នន័យ អ៊ីនធឺណិតក្នុងទូរសព្ទ ដៃរបស់អ្នកដោយឆ្លាតវៃ

ជាក់ស្តែង*1200# គឺជាលេខកូដពិសេសដែលជួយឲ្យអតិថិជន ប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធអាចត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្លួន ដើម្បីចៀសវាងការបញ្ចូលលុយហើយកាត់លុយ ដោយមិនដឹងមូលហេតុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅតែមានការត្អូញត្អែរ​ចម្ងល់ ឆ្ងល់ហេតុអ្វីបានជា ឥឡូវក្រុមហ៊ុនទូរគមនាគមន៍ចល័តកាត់លុយលឿនម៉្លេះ ធ្លាប់តែបញ្ចូលលុយប្រើបានយូរថ្ងៃ ប៉ុន្តែឥឡូវស៊ីលុយអស់លឿន ធ្វើឲ្យការចំណាយលុយទៅលើការបញ្ចូលលុយ ទូរស័ព្ទអស់ច្រើនជាងមុន រហូតដល់ផ្ទុះការចេញវីដេអូខឹង តវ៉ា ត្អូញត្អែរនៅលើ TikTok ។

ដើម្បីឆ្លើយតបនឹងការត្អូញត្អែរនេះ ក្នុងពេលនេះ សូមអតិថិជនទាំងអស់គ្នា ស្វែងយល់ពីរបៀប ដែលអ្នកអាចគ្រប់គ្រង និងតាមដានការប្រើប្រាស់របស់អ្នក។

ជាដំបូងអ្នកអាចសម្គាល់ខ្លួនឯងថា តើការកម្សាន្តតាមរយៈទូរស័ព្ទដៃរបស់អ្នកប្លែកជាងមុនទេ?
មានដូចជា តើអ្នកមានមើល ឬប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមច្រើនជាងមុនដែរឬទេ?
តើវីដេអូ រូបភាព ដែលអ្នកអូសមើលនៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នា ដំណើរការរលូនជាងមុន អូសមើលលឿន ហើយស្រួលមិនរអាក់រអួល និងច្បាស់ជាងមុន?
ចុះការបង្ហោះរូប ឬវីដេអូច្រើនជាងមុនឬយ៉ាងណា?

ចូលដល់ចំណុចនេះ អតិថិជនទាំងអស់គ្នា ត្រូវតែស្វែងយល់ពីគន្លឹះ ដែលធ្វើឲ្យអ្នកអាចតាមដានការប្រើប្រាស់របស់ខ្លួនបានល្អ និងចំណេញ ដូចជា អ្នកត្រូវដឹងច្បាស់ពីអត្ថប្រយោជន៍នៃគម្រោង ដែលអ្នកជ្រើសរើសប្រើប្រាស់ទៅតាមរយៈពេលកំណត់ ព្រោះនៅក្នុងគម្រោងនីមួយៗតែងតែមានការផ្តល់ជូនជាច្រើន ដូចជា ទិន្នន័យប្រើប្រាស់អ៊ីនធឺណិត ការខលក្នុងប្រព័ន្ធ ផ្ញើសារក្នុងប្រព័ន្ធជាដើម ដូចនេះអ្នកប្រើប្រាស់ត្រូវចេះប្រើប្រាស់ទៅតាមអត្ថប្រយោជន៍ ដែលក្រុមហ៊ុនផ្តល់ឲ្យគឺចំណេញ ដូចជាផ្ញើសារក្នុងប្រព័ន្ធ គ្រប់គ្នាស្ទើរតែមិនបានប្រើប្រាស់ផលប្រយោជន៍មួយនេះ ដោយជាទម្លាប់ចូលចិត្តផ្ញើសារតាម Telegram ឬឆាតតាម Facebook នោះហើយ ដែលអ្នកត្រូវប្រើប្រាស់អ៊ីនធឺណិតទាំងស្រុងតែម្តង។

ជាមួយគ្នានេះ អ្នកគួរតែបិទប៊ូតុងប្រើប្រាស់អ៊ីនធឺណិត ឬ WiFi នៅពេលដែលអ្នកមិនប្រើប្រាស់ ចៀសវាងការបើកវាទុកចោល បើមានអ្វីប្រតិបត្តិការ នោះទិន្នន័យអ៊ីនធឺណិតក្នុងទូរស័ព្ទដៃរបស់អ្នក នឹងដំណើរការតាមនោះ ហើយការកាត់លុយក៏ទៅតាមនោះដែរ។

បើអ្នកស្ថិតនៅកន្លែងមួយដែលមាន WiFi អ្នកគួរប្រើប្រាស់ WiFi ដើម្បីសន្សំសំចៃទិន្នន័យអ៊ីនធឺណិតក្នុងទូរស័ព្ទដៃរបស់អ្នក។

មួយទៀតនោះ បើមិនចាំបាច់អ្នកគួរកុំបើក ប៊ូតុងចែករំលែក​ hotspot ព្រោះវាក៏ទាមទារទិន្នន័យអ៊ីនធឺណិតច្រើនដែរ ក្នុងការដំណើរការ។

ផ្អែកតាមបច្ចេកវិទ្យា គន្លឹះមួយទៀតនោះ អ្នកអាចចូលទៅក្នុងទូរស័ព្ទដៃរបស់អ្នក Use a data-saving browser ដែលអាចឲ្យអ្នកទាញយកការប្រើប្រាស់អ៊ីនធឺណិតទាបជាងមុន ដូចជាកម្មវិធី Opera Mini and Google Chrome Data Saver ជាដើម។

ក្នុងនោះ អ្នកទាំងអស់គ្នាត្រូវប្រាកដថា ក្នុងទូរស័ព្ទដៃរបស់រក្សាទុកនៅកម្មវិធី (app) ដែលអ្នកប្រើប្រាស់ចាំបាច់ៗ ចៀសវាង download app ច្រើនដាក់ក្នុងទូរស័ព្ទដៃ វាក៏ជាកត្តាមួយទាញយកទិន្នន័យ អ៊ីនធឺណិតរបស់អ្នកដោយមិនដឹងខ្លួន រាល់ពេល Update ឬប្រតិបត្តិការណាមួយ បើកាន់តែល្អនោះ សូមអ្នកបិទប៊ូតុង Update កម្មវិធីដោយស្វ័យប្រវត្តិ ហើយអ្នកអាច Update បានពេលណាដែលអ្នកនៅកន្លែងមួយដែលមាន WiFi ប្រើប្រាស់នោះក៏ជាការសន្សំសំចៃទិន្នន័យ អ៊ីនធឺណិតរបស់អ្នកផងដែរ។

ដើម្បីជួយឲ្យអ្នកគ្រប់គ្រងកាន់តែងាយស្រួល អ្នកអាចបើកប៊ូតុង Turn on data alerts ដែលជាកម្មវិធីជួយរម្លឹកអ្នក ក្នុងពេលដែលទិន្នន័យក្នុងទូរស័ព្ទ ដៃរបស់អ្នកជិតអស់ ចៀសវាងអ្នកប្រើប្រាស់អ៊ីនធឺណិតជ្រុលចូលទៅកាត់លុយក្នុងគណនីចម្បងដោយមិនដឹងខ្លួន។

គន្លឹះមួយទៀតនោះ គឺនៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាអាចមានកម្មវិធី Monitor your usage ឬអ្នកអាច Download កម្មវិធីនេះបាន ប្រសិនបើមិនមាន ដែលកម្មវិធីវិធីអាចតាមដានរាល់ការប្រើប្រាស់របស់អ្នកបានយ៉ាងល្អប្រសើរ ដែលជួយឲ្យអ្នកមិនប្រើប្រាស់ច្រើន លើសជ្រុល ឬក៏អាចកាត់បន្ថយការប្រើប្រាស់ ដើម្បីការសន្សំសំចៃ ដូចជាការបង្ហោះវីដេអូមានរយៈពេលវែងជាដើម។

ក្នុងករណី អ្នកកំណត់បានច្បាស់ហើយនូវបញ្ហាណាមួយមិនប្រក្រតី អ្នកក៏អាចខលទៅកាន់សេវាទូរស័ព្ទឆ្លើយតបជាមួយអតិថិជនរយៈពេល 24ម៉ោង ដែលអាចជួយអ្នកបាន។

គួររម្លឹកថា នៅក្នុងបច្ចេកវិទ្យាកាន់តែអភិវឌ្ឍទៅមុខ ក្នុងពេលដែលល្បឿនអ៊ីនធឺណិតកាន់តែដើរលឿន ការបង្ហាញកម្រិតរូបភាពកាន់តែច្បាស់ល្អ នោះវាក៏ត្រូវទាញយកទិន្នន័យអ៊ីនធឺណិត អស់ច្រើនទៅតាមនោះដែរ។ ជាមួយគ្នានេះ ក្នុងសម័យកាលឌីជីថលនេះ អ្នកគ្រប់គ្នាចូលចិត្តមើល ចូលចិត្តលេង បង្ហោះរូប វីដេអូតាម Facebook ឬ TikTok ដែលនេះហើយគឺទាមទារការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតខ្លាំង ដែលអាចទាញទិន្នន័យក្នុងទូរស័ព្ទដៃ របស់អ្នកអស់លឿនទៅតាមការប្រើប្រាស់នោះ។

ដូចនេះ ដល់ពេលហើយ ដែលអ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ និងចេះគ្រប់គ្រងតាមដានការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត ក្នុងទូរស័ព្ទដៃរបស់អ្នកដោយឆ្លាតវៃ តាមរយៈការចែករំលែកគន្លឹះសំខាន់នៅខាងលើ៕ ប្រភព៖ sabay

Most Popular

To Top