បច្ចេកវិទ្យា

អាជ្ញាធរ​អាមេរិក រកឃើញ​ថា ឡានវៀតណាម VinFast មាន​ហានិភ័យ​សុវត្ថិភាព

ក្រុមហ៊ុន​វៀតណាម​ VinFast បាន​ហៅត្រឡប់ ចូលរោងចក្រវិញ ​នូវរថយន្ត​ដែល​ខ្លួន ​ទើបតែ​ដាក់លក់នៅសហរដ្ឋអាមេរិក បន្ទាប់ពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍ផ្លូវហាយវេ ជាតិអាមេរិក (NHTSA) បាន​រកឃើញ​ភាពមិនប្រក្រតី​អំពី​សុវត្ថិភាព ​របស់រថយន្ត VinFast នេះ។

អាជ្ញាធរ NHTSA បាន​លើកឡើងថា រថយន្តអគ្គិសនី VF8 ចំនួន ៩៩៩ គ្រឿង មាន​បញ្ហា (error) software ក្នុង​អេក្រង់​ថាច់ស្គ្រីន ដែល​មិន​បង្ហាញ​ព័ត៌មាន​សុវត្ថិភាព​សំខាន់ៗ ដោយបញ្ហានេះ អាច​បង្កើន​ហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន។

យ៉ាងណាមិញ​ តាមរយៈ​ការឆ្លើយ តបបញ្ជាក់​របស់ VinFast ទៅកាន់ NHTSA បង្ហាញថា ការពិតគឺក្រុមហ៊ុន​នេះ បានចាប់ផ្តើម​ដឹងពីបញ្ហាខាងលើ តាំងពីខែមុនមកម្ល៉េះ បន្ទាប់ពីទទួលបាន​ការរិះគន់ ​ពីអ្នកប្រើប្រាស់​ជាបន្តបន្ទាប់។

គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈកន្លងទៅ VinFast បានសុំពន្យារពេល​ប្រគល់​រថយន្ត VF8 នេះ ឱ្យអតិថិជន ដែលបានកម្មង់ទិញរួចហើយ ដោយសារតែមិនទាន់​បាន​បញ្ចប់​ការអាប់ដេត Software។

បើតាម​ការចុះផ្សាយ​ របស់​សារព័ត៌មានថៃ Sanook ថ្មីៗនេះ បាន​រៀបរាប់ថា ​រថយន្ត​របស់​ក្រុមហ៊ុនវៀតណាម VinFast ដែល​នាំយកទៅកាន់ទីផ្សារ អាមេរិកនោះ ទំនង​ជាលក់មិនដាច់ឡើយ ។ សារព័ត៌មាននេះអះអាងថា អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់​លើរថយន្តវៀតណាម​នៅឡើយទេ ទាំងគុណភាព ចម្ងាយ​បើកបរ និងសេវាកម្ម ក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែល​អាច​លូកចូលទីផ្សារអាមេរិក ងាយស្រួលឡើយ៕

Most Popular

To Top