បច្ចេកវិទ្យា

Apple ក្លាយជាក្រុមហ៊ុនដំបូង គេរបស់ពិភពលោក ដែលមានផ្សារហ៊ុន កើនឡើងតម្លៃ ដល់ទៅ៣ទ្រីលានដុល្លារ

ប្រភព ៖AFP

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា តម្លៃទីផ្សារហ៊ុន របស់ក្រុមហ៊ុន Apple Inc. បានកើនឡើង ដល់ទៅ៣ទ្រីលានដុល្លារ សហរដ្ឋអាមេរិក នៅទីបញ្ចប់នៃការជួញដូរភាគហ៊ុន កាលពីថ្ងៃសុក្រនៅទីក្រុងញូវយ៉ក ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា មួយនេះបានក្លាយជាក្រុមហ៊ុន ដែលបានចុះបញ្ជីគេដំបូងបង្អស់ របស់ពិភពលោក ដែលមានតម្លៃទីផ្សារហ៊ុន នៅលើទីផ្សារនៅក្នុងកម្រិតមួយ គួរឲ្យកត់សម្គាល់ ។

វិនិយោគិនបានស្វែងរកភាគហ៊ុន របស់ខ្លួនស្របពេល ដែលការលក់ដ៏រឹងមាំ នៃប្រភេទទូរស័ព្ទដៃ iPhone និងផលិតផលកុំព្យូទ័រយួរដៃ ក៏ដូចជាការរំពឹងទុកខ្ពស់សម្រាប់ វីស៊ុន ប្រូ (Vision Pro) ក្រោយពីការបង្ហាញកាសស្តាប់ត្រចៀក ដំបូងគេបង្អស់របស់ក្រុមហ៊ុននេះ កាលពីដើមខែមិថុនា កន្លងទៅនេះ ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលបានកើនឡើង ប្រហែល៥០ភាគរយគិតចាប់តាំងពីដើមឆ្នាំ២០២៣នេះ បានកើនឡើង២ភាគរយ គិតត្រឹមថ្ងៃសុក្រតែប៉ុណ្ណោះ កាលពីថ្ងៃមុននៅឯផ្សារ ហ៊ុននៅក្រុង ញ៉ូវយ៉ក ហើយការកើនឡើងនេះ បានជួយឱ្យភាគហ៊ុនបច្ចេកវិទ្យាខ្ពស់ផ្សេង ទៀតកើនឡើងផងដែរ ។

គេបានដឹងថា មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន បានឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយ នៅពាក់កណ្តាល នៃការជួញដូរនៅក្នុងខែមករា ឆ្នាំ២០២០ នៅមុនពេលធ្លាក់មកកម្រិតទាប ។

គួរបញ្ជាក់ថា តម្លៃទីផ្សារហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង ត្រីគុណចាប់តាំងពីខែសីហា ឆ្នាំ២០២៨ នៅគ្រាដែលភាគហ៊ុន បានកើនឡើងដល់១ទ្រីលានដុល្លារ សហរដ្ឋអាមេរិក ហើយភាគហ៊ុនបានលើសពី២ទ្រីលានដុល្លារ សហរដ្ឋអាមេរិក គិតនៅក្នុងខែសីហា ឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top