បច្ចេកវិទ្យា

TikTok ក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុតទីពីរ នៅអាហ្វ្រិកខាងត្បូង

រូបភាពពី៖​ XINHUA

ឃ៊ែរថោន ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok បានវ៉ាដាច់ Instagram ដើម្បីទទួលបានចំណាត់ថ្នាក់ទី២ ក្នុងចំណោមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម “Big Five” នៅអាហ្រ្វិកខាងត្បូង ដែលប្រឈមនឹងការគ្រប់គ្រងរបស់ Facebook នៅក្នុងប្រទេស។

បណ្ដាញ Facebook ជាមួយនឹងការជ្រៀតចូល ៥៦,៧ ភាគរយ នៃជនជាតិអាហ្រ្វិកខាងត្បូង ដែលមានអាយុពី ១៥ ឆ្នាំឡើងនៅក្នុងតំបន់ទីក្រុង នៅតែបន្តគ្របដណ្តប់លើវិស័យ ប្រព័ន្ធផ្សព្វផ្សាយសង្គម នេះបើយោងតាមការសិក្សារបស់ South African Social Media Landscape 2023 ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាម៉ាកយីហោ Ornico និងផ្ទះស្រាវជ្រាវទីផ្សារពិភពលោក​ Worx។

ទោះជាយ៉ាងណាក៏ដោយបណ្ដាញ TikTok មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានវ៉ាដាច់ Instagram ដើម្បីដណ្តើមតំណែងទីពីរនៅ ៣០,៦ភាគរយ។ ការអំពាវនាវរបស់វេទិកានេះក៏ពង្រីកលើសពីទស្សនិកជនគោលដៅដែលមានអាយុក្រោម ១៥ឆ្នាំផងដែរ ដោយពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារ ១៥បូក នេះបើយោងតាមការសិក្សា។

ការសិក្សាបានឲ្យដឹងថា បណ្ដាញ Instagram រក្សាបាន នូវប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោម អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាហ្រ្វិកខាងត្បូង ដែលមានអត្រាជ្រៀតចូល ២៧,៦ភាគរយ ខណៈដែល Twitter នៅតែស្ថិតក្នុងលំដាប់ទី៤ ដែលមាន ២២,៥ភាគរយ។

បណ្ដាញសង្គម LinkedIn ស្ថិតនៅលំដាប់ទី៥ នៅ ១៤,៧ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ការជ្រៀតចូលរបស់វា នៅតែមានសុខភាពល្អ សម្រាប់វេទិកាបណ្តាញ ដែលមានជំនាញវិជ្ជាជីវៈ ដែលមិនមានការទាក់ទាញរបស់យុវវ័យច្រើន។

ការសិក្សានេះបានប្រើប្រាស់ទិន្នន័យចម្រុះពី Ask Afrika’s Target Group Index ដែលបានស្ទង់មតិអ្នកឆ្លើយសំណួរចំនួន ២៤,៧៤៤នាក់ និងការស្ទង់មតិផ្ទាល់របស់ Ornico និង World Wide Worx លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយម៉ាកយីហោធំបំផុតរបស់អាហ្វ្រិកខាងត្បូង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top