ឌូបៃ៖ លោក Omar bin Sultan Al Olama រដ្ឋមន្ត្រីក្រសួងថ្នាក់តំបន់ សម្រាប់បញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ចឌីជីថល និងកម្មវិធីគ្រប់គ្រងការងារបានឲ្យដឹងថា សហភាពអារ៉ាប់អេមីរ៉ាត (UAE) ប្តេជ្ញាទទួលយកដំណោះស្រាយ និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) នៅទូទាំងវិស័យផ្សេងៗ ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។
លោក Al Olama បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអារ៉ាប់រួម សម្រាប់បញ្ញាសិប្បនិម្មិត និង Blockchain ដែលធ្វើឡើងនៅក្រសួងថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងឌូបៃ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ WAM ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា តាមរយៈការទទួលយកការអនុវត្ត ឌីជីថល និងទាញយកសក្តានុពល នៃបច្ចេកវិទ្យា អេមីរ៉ាតអារ៉ាប់រួម មានបំណងបង្កើតឱកាសថ្មីៗ និងរចនាគំរូច្នៃប្រឌិតដែលដាក់មូលដ្ឋានគ្រឹះ សម្រាប់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
បច្ចុប្បន្នក្រុមប្រឹក្សាកំពុងផ្តោតលើដំណាក់កាលទីពីរ នៃការងាររបស់ខ្លួន ដែលមានបំណងប្រើប្រាស់ AI នៅក្នុងអង្គភាពរដ្ឋាភិបាល អភិវឌ្ឍប្រព័ន្ធ AI និងបង្កើនការប្រកួតប្រជែងរបស់ប្រទេសក្នុងវិស័យអាទិភាពតាមរយៈការអភិវឌ្ឍន៍សេវាកម្មអតិថិជន ដែលដំណើរការដោយប្រព័ន្ធ AI ៕ ប្រែសម្រួល ឈូក បូរ៉ា