បច្ចេកវិទ្យា

ចុមម៉េចចឹង! ឥណ្ឌា មិនព្រមឱ្យ BYD សង់​រោងចក្រ​ផលិតឡានតម្លៃ ១ពាន់លានដុល្លារ​​ក្នុងប្រទេស​ខ្លួន​ឡើយ

ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា បាន​ច្រានចោល​សំណើ​របស់​ក្រុមហ៊ុន​ចិន BYD ដែល​មានគម្រោងវិនិយោគ​រោងចក្រផលិតរថយន្ត​អគ្គិសនី​តម្លៃ ១ពាន់លានដុល្លារ ក្នុងប្រទេសនេះ។

ការបដិសេធសំណើវិនិយោគ​នេះ ក្រោមលេសថា ព្រួយបារម្ភ​ពី​សន្តិសុខជាតិ បន្ទាប់ពី​រដ្ឋាភិបាល​ឥណ្ឌា ​បាន​កែប្រែ​គោលនយោបាយការវិនិយោគ​ផ្ទាល់ពីប្រទេស​ជាប់ព្រំដែន​ កាលពីឆ្នាំ​២០២០។ តែយ៉ាងណាមិញ មន្រ្តី​ជាន់ខ្ពស់​ចិន បាន​ជួបចរចា​ជាមួយ​ភាគីឥណ្ឌា ជុំវិញ​រឿងនេះហើយ។

ដើមឡើយ ក្រុមហ៊ុន BYD គ្រោង​បង្កើតទីតាំង​មួយ​ជាមួយ​ក្រុមហ៊ុនក្នុងស្រុកឥណ្ឌា Megha Engineering and Infrastructure និង​បាន​បញ្ជូន​សំណើ​សម្រាប់​ការ​បើករោងចក្រ​រថយន្ត​កាលពីដើមខែកក្កដានេះ។ ក្នុង​ពាក្យស្នើសុំ​នោះ BYD បញ្ជាក់​ថា រោងចក្រ​នេះ​នឹង​អាចផលិត​រថយន្ត​អគ្គិសនី​បានចន្លោះពី ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់គ្រឿង​ក្នុងមួយឆ្នាំ។

បន្ថែមលើសនេះ ក្រុមហ៊ុនទាំងពីរ ​ក៏មាន​បំណង​បង្កើត​ស្ថានីយ​សាកភ្លើង​នៅទូទាំងប្រទេសផងដែរ ព្រមទាំងចង់​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍ និងបណ្តុះបណ្តាល​ថែមទៀតផង។

បើទោះបីជា​ខកចិត្ត​ចំពោះការបដិសេធ​នេះក៏ដោយ BYD ក៏នឹងបន្តផ្តោតលើការលក់​រថយន្តខ្លួន​ក្នុងប្រទេសឥណ្ឌាដដែល។ BYD បាន​បញ្ជាក់​កាលពីដើមខែ​នេះថា ខ្លួន​លក់​រថយន្ត​អគ្គិសនី និង​ប្រភេទ Plug-in Hybrid បាន​ចំនួនជាង ១,២៥លានគ្រឿង​ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ​២០២៣នេះ ដែលកើនឡើង ៩៥% បើធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន៕

ប្រភពៈsabay

Most Popular

To Top