បច្ចេកវិទ្យា

ក្រុមហ៊ុន Apple បាត់បង់តម្លៃទីផ្សារជាង ២០០ ពាន់លានដុល្លារមិនដល់មួយសប្តាហ៍

រូបភាពពី៖​ AFP

អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបន្តធ្លាក់ចុះ បន្ទាប់ពីប្រាក់ចំណូលរបស់ពួកគេកាលពីថ្ងៃចន្ទដោយបានធ្លាក់ចុះ១.៧ភាគរយ ទោះបីជាមានការស្ទុះងើបឡើងវិញក្នុងទីផ្សារទូលំទូលាយក៏ដោយ ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបាត់បង់តម្លៃទីផ្សារជាង ២០០ ពាន់លានដុល្លារក្នុងរយៈពេលតិចជាងមួយសប្តាហ៍ គឺត្រឹមតែ ៥ ថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។

ម៉្យាងវិញទៀត ទំហំរបស់ក្រុមហ៊ុន Apple ធ្វើឲ្យតម្លៃភាគហ៊ុនរបស់វាធ្លាក់ចុះបន្តិច មើលទៅគួរឲ្យកត់សម្គាល់ បើនិយាយពីតម្លៃទីផ្សារ ប៉ុន្តែម្យ៉ាងវិញទៀត ការធ្លាក់ចុះនាពេលថ្មីៗនេះ គឺមានទំហំធំតាមស្តង់ដារប្រវត្តិសាស្ត្រ នេះជាមូលហេតុដែលទីផ្សារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ Apple។

ភាពច្របូកច្របល់បានចាប់ផ្តើមនៅថ្ងៃទី ៣ ខែសីហា នៅពេលក្រុមហ៊ុន Apple បានរាយការណ៍ថា ការលក់ iPhone របស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំងចំពោះការប៉ាន់ស្មានរបស់ Wall Street សម្រាប់ត្រីមាសខែមិថុនា ដែលធ្វើឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៨១.៨ ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple បានបង្កើនប្រាក់ចំណូលផ្នែកសេវាកម្មរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ថែមរាប់ពាន់លានទៅជួរកំពូលរបស់ខ្លួនពី App Store សេវាកម្ម iCloud ក៏ដូចជា Apple Music Apple TV+ និង Apple Pay រលក់ iPhone នៅតែមានប្រហែល ៥០ភាគរយ នៃប្រាក់ចំណូលសរុប។ ជាលទ្ធផលនៃការពឹងផ្អែកនេះ ការលក់ទូរស័ព្ទ iPhone ធ្លាក់ចុះនាំឲ្យមានការទម្លាក់ចំណាត់ថ្នាក់អ្នកវិភាគសម្រាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple កាលពីសប្តាហ៍មុន។

អ្នកវិភាគ Rosenblatt បានទម្លាក់ចំណាត់ថ្នាក់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដោយលើកហេតុផលថាក្រុមហ៊ុនកំពុងជាប់គាំងនៅក្នុងដំណាក់កាលធ្លាក់ចុះ ។ហើយអ្នកវិភាគ Loop Capital លោក Ananda Baruah បានបន្ទាបការវាយតម្លៃរបស់លោកផងដែរ ដោយកត់សម្គាល់ថា ការណែនាំអំពីប្រាក់ចំណូលបច្ចុប្បន្នរបស់ Apple គឺមានហានិភ័យ ប្រសិនបើការលក់ iPhone មិនកើនឡើងពេញមួយឆ្នាំ៕

Most Popular

To Top