អាមេរិក៖ សេដ្ឋវិទូ Goldman Sachs បានអះអាងថា ការការវិនិយោគហិរញ្ញវត្ថុឯកជនភាគច្រើននៅទូទាំងពិភពលោក នឹងត្រូវបានបញ្ចូលទៅក្នុងម៉ាស៊ីនបង្កើតបញ្ញាសិប្បនិម្មិត និងប្រភេទ AI អាចប្រើដើម្បីបង្កើតអត្ថបទ រូបភាព វីដេអូ និងអូឌីយ៉ូថ្មី យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
របាយការណ៍ថ្មីរបស់ Goldman Sachs បានបង្ហាញឲ្យដឹងថា ការវិនិយោគឯកជនជាសកលលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជិត ១៥៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយសេដ្ឋវិទូ Goldman Sachs លោក Joseph Briggs និង Devesh Kodnani បានប៉ាន់ប្រមាណថា ៣ឆ្នាំខាងមុខអាចនឹងឃើញការកើនឡើង ៧២ភាគរយនៃការវិនិយោគរបស់អាជីវកម្មសកលក្នុងប្រព័ន្ធ AI ។
អ្នកស្រាវជ្រាវនៃរបាយការណ៍បានស្នើថា ការវិនិយោគអាចឈានដល់ ១១០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ មុនពេលកើនឡើងជាង ២០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីឈរនៅ ១៥៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។
អ្នកទាំង ២ បានអះអាងថា ការការវិនិយោគហិរញ្ញវត្ថុទំនងជាផ្តោតលើផ្នែកអាជីវកម្មមួយចំនួនទាក់ទងនឹងក្រុមហ៊ុនដែលបណ្តុះបណ្តាល ឬអភិវឌ្ឍគំរូ AI ក៏ដូចជាក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រកម្មវិធី AI ដូចជាមជ្ឈមណ្ឌលទិន្នន័យជាដើម។ លើសពីនេះ អ្នកស្រាវជ្រាវបានបន្ថែមថា ការវិនិយោគនឹងផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ចុងក្រោយរបស់ក្រុមហ៊ុនដែលបង់ប្រាក់សម្រាប់សេវាកម្មផ្នែកទន់ និងហេដ្ឋារចនាសម្ព័ន្ធ Cloud ។
របាយការណ៍បានចង្អុលបង្ហាញថា ការវិនិយោគ AI រហូតមកដល់ពេលនេះត្រូវបានផ្តោតទៅលើការអភិវឌ្ឍន៍គំរូ ការជំរុញផ្នែករឹង និងផ្នែកទន់ដែលមានទំហំធំជាងនេះទំនងជានឹងត្រូវបានទាមទារសម្រាប់ AI ដើម្បីបង្កើតទំហំ៕ ដោយ៖លី ភីលីព