បច្ចេកវិទ្យា

ច្បាប់ថ្មីរបស់ EU ! រាល់ចម្ងាយផ្លូវ ៦០គីឡូម៉ែត្រ ត្រូវតែ​មាន​ចំណត​ សាកភ្លើង ​សម្រាប់​រថយន្ត​​អគ្គិសនី

ថ្មីៗនេះ សហភាព​អឺរ៉ុប ​បាន​ចេញច្បាប់ថ្មី​ ដើម្បី​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ បម្រើ​ឱ្យរថយន្តអគ្គិសនី​នៅក្នុងតំបន់ ។ ក្នុងនោះ​ចំណុច​ដ៏សំខាន់បំផុត​គឺ​ចាប់ពី​ឆ្នាំ​២០២៥តទៅ តម្រូវ​ឱ្យ​គ្រប់​ផ្លូវល្បឿនលឿន​ ត្រូវមានចំណតសាកភ្លើង ហើយ​គ្រប់​បណ្តាញ​ផ្លូវដែល​តភ្ជាប់ប្រទេស អឺរ៉ុបទាំងអស់ ត្រូវតែ​មាន​ចំណតសាកភ្លើងលឿន នៅរាល់ចម្ងាយ ៦០គីឡូម៉ែត្រ ។

ជាមួយគ្នានេះ រាល់ចំណតសាកភ្លើង​ទាំងនេះ ត្រូវតែ​ប្រើប្រព័ន្ធ​បង់ប្រាក់មួយ​ (មិនប្រើ​ក្រដាស​ប្រាក់) ហើយ​អ្នកផ្គត់ផ្គង់​ចំណត​សាកភ្លើង​ ត្រូវតែ​បញ្ជាក់​ព័ត៌មាន​ឱ្យបាន​ច្បាស់​លាស់​អំពី​តម្លៃ និង​លក្ខខណ្ឌ​នៃការ​សាកភ្លើង ដើម្បី​ចៀសវាង​បញ្ហា​ណាមួយ​សម្រាប់​ អ្នកប្រើប្រាស់​នៅពេល​មកដល់​។

បើតាម​ច្បាប់ថ្មីរបស់ EU នេះ គ្រប់​ចំណតសាកភ្លើង ត្រូវផ្តល់​ថាមពល​ឱ្យបានយ៉ាងហោចណាស់ ១៥០គីឡូវ៉ាត់ ហើយ​ចំណត​សាកភ្លើង​នៅតាម​ផ្លូវសំខាន់ៗដែល​តភ្ជាប់គ្នាក្នុងប្រទេស​អឺរ៉ុបនោះគឺ ​ត្រូវផ្តល់ថាមពល​យ៉ាងហោច ៤០០គីឡូវ៉ាត់ ដើម្បី​សាកបានលឿន កាត់បន្ថយពេលវេលា និង​ការធ្វើដំណើរ​ផ្លូវឆ្ងាយ​បានស្រួល​ជាងមុន ជាពិសេស​ គឺ​ដើម្បីជំរុញ​ឱ្យមនុស្ស​កាន់តែច្រើន​ទិញ​រថយន្ត​អគ្គិសនី។

បន្ថែម​លើសនេះ ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្ត​មិនបញ្ចេញផ្សែងថែមទៀតនោះ ច្បាប់ថ្មីរបស់ EU ក៏បាន​ជំរុញ ឱ្យបង្កើតស្ថានីយអ៊ីដ្រូសែនផងដែរ ដែល​តម្រូវឱ្យមាន​នៅតំបន់​ប្រជុំជន និង​រាល់ ២០០គីឡូម៉ែត្រតាមផ្លូវ​សំខាន់ៗ ចាប់ពីឆ្នាំ​២០៣០តទៅផងដែរ៕

Most Popular

To Top