បច្ចេកវិទ្យា

ប្រទេសសូម៉ាលី បញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយ សង្គម TikTok និង Telegram ហើយ

សូម៉ាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យា របស់ប្រទេសសូម៉ាលី កំពុងបញ្ជាឲ្យអ្នកផ្តល់សេវាអ៊ីនធើណេត របស់ប្រទេសនេះ បិទការចូលប្រើ សម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គម TikTok, Telegram និងគេហទំព័រលេងល្បែង 1xBet ជាបន្ទាន់ ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យា លោក Jama Hassan Khalif បានចេញបញ្ជា ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងពីសន្តិសុខ និងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មថា ជាហេតុផល សម្រាប់ការរារាំងក្រុមហ៊ុន។
សេចក្តីថ្លែងការណ៍ បាននិយាយថា ការរំលោភបំពានឥតឈប់ឈរ ដោយក្រុមភេរវករ ដែលប្រើប្រាស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមប៉ះពាល់ដល់សុវត្ថិភាព និងស្ថិរភាពនៃសង្គម ។

លើសពីនេះ ក្រសួងបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីការពារការប្រព្រឹត្តិសីលធម៌របស់ប្រជាជនសូម៉ាលី នៅពេលប្រើប្រាស់ឧបករណ៍ទំនាក់ទំនង និងអ៊ីនធឺណិត ដែលប៉ះពាល់ដល់របៀបរស់នៅ និងបានបង្កើនការអនុវត្តមិនល្អ ។

លោក Khalif បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អ្នកកំពុងត្រូវបានបញ្ជាឲ្យបិទកម្មវិធីដែលបានរៀបរាប់ខាងលើត្រឹមថ្ងៃព្រហស្បតិ៍ ទី ២៤ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១១:៣០ នាទីល្ងាច ដែលជាចុងក្រោយបំផុត ។ អ្នកណាដែលមិនអនុវត្ត តាមបទបញ្ជានេះនឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ច្បាស់លាស់ និងសមស្រប ៕
ដោយ៖លី ភីលីព
ប្រភព ៖ AFP

Most Popular

To Top